ក្រសួង​ការងារ​ប្រាប់​ថៅកែ​រោងចក្រ​ឲ្យ​បើកប្រាក់​អតីតភាព​២​ដង​ក្នុង​មួយឆ្នាំ​

21-09-2018 4:31 pm 1109
  ស្តាប់
ស្តាប់ជាសំឡេង

កាលពី​ចុង​ខែកុម្ភៈ​ឆ្នាំ​២០១៨​កន្លងទៅ រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ប្រមាណ​ជាង ៤​លាន​ដុល្លារ ដើម្បី​បើក​ជូន​កម្មករ កម្មការិនី នៅ​រោងចក្រ​ចំនួន​០៩ ដែល​ត្រូវបាន​ថៅកែ​រត់ចោល​។ កាលនោះ ក្រោយពី​ក្រសួង​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ កម្មការិនី រួចរាល់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ត្រូវ​ទទួលបន្ទុក​ចុះឈ្មោះ​រក​ការងារ​ថ្មី​ជូន​កម្មករនិយោជិត ដែល​បាត់បង់​ការងារ​។​

​មេរៀន​នេះហើយ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាលសម្រេច​ធ្វើ​វិសោធនកម្ម​មាត្រា​៨៩​នៃ​ច្បាប់​ស្ដីពី​ការងារ ដែល​តម្រូវឲ្យ​និយោជក​ផ្ដល់ប្រាក់​បំណាច់​អតីត​ភាព​ការងារ​បញ្ចប់​កិច្ចសន្យា ក្នុងករណី​ម្ចាស់​រោង​ចក្រ​ក្ស័យធន​។ 

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្ដីសម្រេច​មួយ​ដោយ​តម្រូវឲ្យ​ថៅកែ​រោងចក្រ សហគ្រាស​ផ្ដល់ប្រាក់​បំណាច់​អតីតភាព​ការងារ​២​ដង​ក្នុង​មួយឆ្នាំ​។ ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​ក្នុង​មាត្រា​៨៩​ថ្មី​នេះ គឺ​ខុសពី​ការទូទាត់​ប្រាក់​បំណាច់​ក្នុង​ច្បាប់​ចាស់ ដែល​ត្រូវ​ទូទាត់​សរុប បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​ការងារ​។ ការ​នេះ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់​សម្រាប់​កម្មករនិយោជិត​។ ការទូទាត់​ប្រាក់​បំណាច់​ជូន​កម្មករ​២​ដង​ក្នុង​មួយ​ឆ្នាំនេះ នឹងត្រូវ​ចាប់​អនុវត្តន៍​ពី​ឆ្នាំ​២០១៩​តទៅ​។​

សូម​រំឭក​ដែរថា ក្រោយ​រដ្ឋាភិបាល​បញ្ចេញ​លុយ​ជាង​៤​លាន​ដុល្លារ ដើម្បី​បើក​ជូន​កម្មករ កម្មការិនី ក្រោយ​ថៅកែ​រត់ចោល​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក​ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល​មិន​អាចជា​ជនរងគ្រោះ ដែល​រង់ចាំតែ​សង​ប្រាក់​ថៅកែ​ជំពាក់​កម្មករ​នោះទេ​។ លោក​ថា ហេតុផល​នេះ​ទើប​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ដោយ​តម្រូវឲ្យ​ម្ចាស់​រោងចក្រ​ទូទាត់​ប្រាក់​បំ​ណាច់​អតីតភាព​ការងារ​ជា​រៀងរាល់​៦​ខែម្ដង​ឲ្យ​កម្មករ​៕

ព័ត៌មានផ្សេងទៀត