ប្រធានាធិបតី​វៀតណាម​​ទទួលមរណភាព​​ក្នុង​វ័យ​៦១​ឆ្នាំ​

21-09-2018 1:30 pm 2664
ប្រធានាធិបតី​វៀតណាម​លោក​ត្រាន ដៃ​ក្វាង

​ប្រធានាធិបតី​វៀតណាម​លោក​ត្រាន ដៃ​ក្វាង​(Tran Dai Quang) បាន​ទទួលមរណភាព​នៅ​ថ្ងៃទី​២១​កញ្ញា​នេះ ដោយសារ​ជំងឺ ដែល​លោក​មាន​អាយុ​៦១​ឆ្នាំ​។ លោក​ក្វាង​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​យោធា​មួយ​ក្នុង​ទីក្រុង​ហាណូយ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ទោះបី​មានការ​ជួយសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ ទាំង​ក្នុង​និង​ក្រៅប្រទេស​ក៏ដោយ​។ នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​ទូរទស្សន៍​វៀតណាម​។ ស្ថានភាព​ជំងឺ​របស់លោក​បាន​បែកធ្លាយ​តាម​បណ្ដាញ​សង្គម អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្ដែ​គ្មាន​ការ​បញ្ជាក់ថា​លោក​មាន​ជំងឺ​អ្វី​នោះទេ​។​

​ក្នុងការ​បង្ហាញខ្លួន​ជា​សាធារណៈ នៅពេល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​១១​កញ្ញា លោក​ក្វាង​ហាក់​មាន​អា​ការៈមិន​សូវ​ស្រួល​។ កាសែត​វៀតណាម​បាន​ចេញផ្សាយ​ថា លោក​ក្វាង​បានទទួល​បដិសណ្ឋារកិច្ច​ប្រធាន​តុលាការ​កំពូល​ចិន នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ​។

​សូមបញ្ជាក់ថា វៀតណាម​ត្រូវបាន​ដឹកនាំ​ជា​ផ្លូវការ​ដោយ​លោក​ប្រធានាធិបតី នាយករដ្ឋមន្ដ្រី និង​មេ​បក្សកុម្មុយនិស្ដ​។ លោក​ត្រាន ដៃ​ក្វាន ជា​មេដឹកនាំ​កំពូល​មួយរូប​ក្នុងចំណោម​មេដឹកនាំ​កំពូល​ទាំងបី​រូប​របស់​វៀតណាម​។ លោក​ក្វាង​បាន​ចូល​កាន់តំណែង​ប្រធានាធិបតី​ទី​៨​របស់​វៀតណាម នៅ​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០១៦​។ មុន​ចូល​កាន់តំណែង​ប្រធានាធិបតី លោក​បាន​បម្រើការ​ជា​រដ្ឋមន្ដ្រីក្រសួង​សន្ដិសុខ​សាធារណៈ ពី​ឆ្នាំ​២០១១-២០១៦​។

​លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​កុ​ម្មុយ​និ​ស្ដ​វៀតណាម​ក្នុង​ឆ្នាំ​១៩៨០ និង​បាន​ក្លាយជា​សមាជិក​ផ្លូវការ​របស់​បក្ស​នៅ​ឆ្នាំ​១៩៨១​។ ពី​ឆ្នាំ​១៩៩៧​មក​លោក​ក្វាង​បាន​ក្លាយជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​របស់​បក្សកុម្មុយនិស្ដ​វៀតណាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​។ នៅក្នុង​សមាជ​លើក​ទី​១២​របស់​គណបក្ស​កាលពី​ខែមករា​ឆ្នាំ​២០១៦ លោក​ត្រាន ដៃ​ក្វាង​ក៏​ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​តែម្ដង​៕

ព័ត៌មានផ្សេងទៀត