ស្វីស​នឹង​ធ្វើ​ការបណ្តុះបណ្តាលេ​ជំនាញ​ដល់​ពលរដ្ឋ​ក្រីក្រ ក្នុង​ខេត្ត​៣​នៅ​កម្ពុជា​

20-09-2018 5:42 pm 699
  ស្តាប់
ស្តាប់ជាសំឡេង

ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២០ កញ្ញា​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​របស់​ស្វីស (SDP) ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​សិក្សា​បាន​តិចតួច និង​អ្នកគ្មានការងារ​ធ្វើ អាច​មាន​ជំនាញ​សម្រាប់​រក​ការងារ​ធ្វើ និង​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ 

​លោកពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ បានឱ្យដឹងថា គោលដៅ​សំខាន់ៗ នៃ​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​នេះ គឺ​ផ្តល់​ឱ្យ​ពលរដ្ឋ​ក្រីក្រ អ្នក​រៀន​បាន​តិចតួច ឬ​គ្មាន​ការងារ អាច​មាន​ជំនាញ​ច្បាស់លាស់​ដូច​ជា ជួសជុល​ម៉ាស៊ីន​ធន់​តូច ជួសជុល​ម៉ូតូ ត​បណ្ដាញ​អគ្គិសនី ជាងកំបោរ សម្អាងការ និង​កាត់ដេរ​សម្លៀកបំពាក់​ជាដើម​។​លោក បន្តថា គម្រោង​នេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ផ្ដល់​នូវ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ បង្កើត​អាជីវកម្ម និង​រក​ប្រាក់ចំណូល​បាន​សមរម្យ ធ្វើឱ្យ​ជីវភាព​កាន់តែ​ល្អប្រសើរ​។​

​លោក ម៉ៃ​ឃើ​ល ប្រធាន​ក្រុម​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ  បាន​លើកឡើង​ថា ពាក់ព័ន្ធ​គម្រោង SDP​នេះ គឺ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​ជំនាញ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​ទាំង​បី​ខាងលើ ហើយ​ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​នឹង​ទទួលបាន​ការងារ​ធ្វើ​សមរម្យ ការជួយ​ស្វែងរក​ការងារ ហើយ​ក៏​បន្ត​គាំទ្រ​ចំពោះ​អ្នក​ដែល​បង្កើត​អាជីវកម្ម​ខ្លួនឯង​ផងដែរ​។​

​គួរបញ្ជាក់​ថា កម្មវិធី​អភិវឌ្ឍន៍​ជំនាញ SDP នេះ​បាន​អនុវត្ត​ជា​បណ្ដើរៗ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦-២០២០ ដោយ​មាន​គោលដៅ​បណ្ដុះបណ្ដាល​ពលរដ្ឋ​ឱ្យបាន​៥,៤០០​នាក់ ហើយ​មក​ដល់​ឆ្នាំ​២០១៨​នេះ គម្រោង​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​ពល​រដ្ឋ បាន​ប្រហែល​ជិត​ពាក់កណ្ដាល នៃ​ពលរដ្ឋ​គោលដៅ​ខាង​លើ​៕

 ពាក្យគន្លឹះ  ​ក្រសួង​ការងារស្វីស

ព័ត៌មានផ្សេងទៀត