អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានចាត់ទុករបាយការណ៍ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ថា ជារបាយការណ៍ដែលមាននិន្នាការនយោបាយ ហើយបើប្រៀបធៀបជាមួយរបាយការណ៍អង្គការសហប្រជាជាតិ គឺកម្ពុជាមិនមានលក្ខណៈធ្ងន់ធ្ងរដូច្នេះទេ ខណៈរបាយការណ៍អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាថា ការរំលោភបំពានសិទ្ធិសេរីភាពនៅកម្ពុជា បានកើនឡើងខ្លាំង ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ រហូតដល់ការបោះឆ្នោតថ្នាក់ជាតិ។ (សេង បារាំង)
មជ្ឈមណ្ឌលសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញផ្សាយរបាយការណ៍រួមគ្នាកម្រាស់ ១៦៦ទំព័រ ក្រោមចំណងជើងថា«ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា»បានបង្ហាញពីករណីរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដែលបានកត់ត្រាទុកចាប់ពីខែមេសាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨។ អង្គការទាំងនេះរកឃើញថា ការរំលោភបំពានសិទ្ធិសេរីភាពនៅកម្ពុជា បានកើនឡើងខ្លាំងចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ កន្លងមកនេះ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលរបាយការណ៍ខាងលើនេះ ដោយលោកថា របាយការណ៍នេះ មាននិន្នាការនយោបាយច្រើនជាង ហើយបើប្រៀបធៀបជាមួយរបាយការណ៍អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺកម្ពុជាមិនមានលក្ខណៈធ្ងន់ធ្ងរដូច្នេះទេ។ លោកថា របាយការណ៍ខាងលើនេះ មានទិសដៅពីរ គឺមួយជាទិសដៅឯកទេសសុទ្ធសាធពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងមួយទៀតជារបាយការណ៍ដែលមាននិន្នាការណ៍នយោបាយប្រឆាំងជាមួយរដ្ឋា ភិបាល ………
សំឡេង៖
យ៉ាងណាមិញរបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ក្រុមអង្គការក្នុងស្រុកទាំងនេះ ត្រូវបានគេមើលឃើញថា លើកឡើងប្រហាក់ប្រហែលគ្នានឹងរបាយការណ៍ ដែលរកឃើញដោយក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិដទៃទៀត ដូចជា អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសមអន្ដរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការដែលធ្វើការលើផ្នែកសេរីភាពសារព័ត៌មាន។
រីឯអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅនេះ បានដាក់របាយការណ៍មួយបន្ថែមទៀតស្ដីពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកំពុងរៀបចំកិច្ចប្រជុំចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៨ខែកញ្ញានេះ។ លោកស្រី រ៉ូណា ស្មីត រកឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩កក្កដាកន្លងទៅ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន និងការរារាំងអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមបោះឆ្នោតជាដើម៕