ក្រសួង​កសិកម្ម​ ស្នើ​អង្គការ​ FAO​ ពង្រឹង​វិស័យ​​កៅស៊ូ​កម្ពុជា​​

20-09-2018 4:07 pm 877
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ដល់ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម FAO សហការ​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម ជួយ​ពង្រឹង​វិស័យ​កៅស៊ូ​ឡើងវិញ​ប្រកបដោយ​ចីរភាព​។ ការស្នើ​បែបនេះ ធ្វើឡើង​ក្នុងជំនួប ជាមួយ​លោក Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម FAO នា​រសៀល​ថ្ងៃទី​១៩ កញ្ញា ដើម្បី​ពិភាក្សា​ការងារ​ស្តីពី​ការរៀបចំ​បង្កើត​គម្រោង​ថ្នាក់​តំបន់ ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន​បី​គឺ កម្ពុជា ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា​លើ​វិស័យ​កៅស៊ូ​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​អង្គការ FAO មើលឃើញ​ពី​បញ្ហា​ប្រឈម​លើ​ការផលិត​កៅស៊ូ​របស់​កសិករ​ខ្មែរ ពិសេស​បញ្ហា​តម្លៃ​កៅស៊ូ​ធម្មជាតិ ដែល​កំពុង​ធ្លាក់​ថ្លៃ​, ការប្រែប្រួល​អាកាសធាតុ និង​ទិន្នផល​ក៏បាន​ថយ គួរឲ្យ​បារម្ភ​។ លោក​ថា ពេលនេះ អង្គការ FAO រួមជាមួយ​អង្គការ CIRAD បាន​ឯកភាព​រៀបចំ​បង្កើត​គម្រោង​ថ្នាក់​តំបន់​ត្រីភាគី រវាង​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ផ្តោតជាសំខាន់​ទៅលើ​ប្រព័ន្ធ​សង្កេតការណ៍ សិក្សា​ស្រាវជ្រាវ និង​វិភាគ ជា​លំអិត​នៃ​លទ្ធផល​ដែល​ទទួលបាន​នៃ​ប្រទេស​នី​មួយៗ ដើម្បី​ធ្វើ​ការប្រៀបធៀប និង​វាយតម្លៃ​អំពី​ស្ថានភាព ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការដាំដុះ ការប្រមូល​ផល​ជ័រកៅស៊ូ និង​ការកែឆ្នៃ​។​

​ភាគី​កម្ពុជា បានប្រកាស​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង ដែល​បានលើកឡើង នេះ ដោយ​ចាត់ទុកថា​នេះ ជា​ការបង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ និង​កសិករ​ដាំ​កៅស៊ូ ការកាត់បន្ថយ​ថ្លៃដើម និង​ពលកម្ម ការបង្កើន​ទិន្នផល ការធ្វើឲ្យ​ប្រសើរ​ឡើងនៃ​គុណភាព​ជ័រកៅស៊ូ ការធានាបាន​នូវ​និរន្តរភាព​នៃ​ដើម​កៅស៊ូ និង​ជាពិសេស​ការបង្កើន​ប្រាក់ចំណូល​ដល់​កសិករ​ដាំ​កៅស៊ូ គឺជា​គន្លឹះ​ដ៏​សំខាន់ និង​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​ទាក់ទង​នឹង​វិស័យ​កៅស៊ូ​នេះដែរ មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម អះអាងថា ក្នុង​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០១៨ ទិន្នផល​នាំចេញ​កៅស៊ូ​មាន​ការកើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​តម្លៃ​បែរជា​មាន​ការធ្លាក់ចុះ​វិញ​៕

ព័ត៌មានផ្សេងទៀត