ក្រសួងបរិស្ថាន​​ថា​​សំរាម​​បន្ត​កើនឡើង​​ដោយសារ​​អ្នកប្រើប្រាស់​​វិច​ខ្ចប់​​មិនបាន​​ត្រឹមត្រូវ​​

20-09-2018 3:32 pm 1175
  ស្តាប់
ប្រភពរូបភាពពីក្រសួងបរិស្ថាន
ស្តាប់ជាសំឡេង

​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​គ្រប់គ្រង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ខណៈ​សំរាម​សំណល់​រឹង​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​សំរាម​សំណល់​រឹង​ប្រមាណ ២,៧០០​តោន ក្នុង​មួយថ្ងៃៗ​គិត​ជា​មធ្យម​។ ការកើនឡើង​នៃ​សំរាម​នេះ ត្រូវបាន​ក្រសួង​អះអាងថា ដោយសារតែ​កំណើនប្រជាជន ការផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការគ្រប់គ្រង​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​។ (​សេង បារាំង​)

​បញ្ហា​សំរាម​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​នៅតាម​ទីប្រជុំជន ដូចជា​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​ដទៃទៀត ពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែម្ដង​គិត​ជា​មធ្យម​សំរាម​សំណល់​រឹង​មាន​ប្រមាណ​២,៧០០​តោន​ក្នុង​មួយថ្ងៃ​។ នេះ​បើ​យោងតាមរ​បាយ​ពី​មន្ត្រី​ជំនាញ​របស់​បរិស្ថាន បាន​វាយតម្លៃ​នៅ​កន្លែង​ទីលាន​ដាក់​សំរាម និង​តាមរយៈ​ការដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​។ 

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​នេត្រ ភ​ក្ត្រា បាន​បញ្ជាក់ថា ការបន្ត​កើនឡើង​នៃ​សំរាម​នៅតាម​ទីប្រជុំជន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ជា​ក្ដីបារម្ភ​សម្រាប់​យើងទាំងអស់គ្នា ដែល​ទាមទារ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​ចូលរួម​គ្រប់គ្រង​សំណល់ ដែល​ខ្លួន​បង្កើតឡើង​ឲ្យបាន​ល្អ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការបំផ្លាញ​បរិស្ថាន និង​បំផ្លាញ​សោភ័ណភាព​សហគមន៍​ខ្លួន ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។ លោក​នេត្រ ភ​ក្ត្រា បញ្ជាក់ថា មូលហេតុ​ដែល​សំរាម​ចេះតែ​បន្ត​កើនឡើង គឺ​ដោយសារតែ​ចំនួន​ប្រជាជន​បន្ត​កើនឡើង ការផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ទំនាម​ទំលាប់​ការ​វិច​ខ្ចប់​សំរាម ហើយ​និង​ការកែឆ្នៃ​សំរាម​នៅមានកម្រិត​……………

​សំឡេង​៖

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់ថា បញ្ហា​ចំបង​ដែល​ធ្វើឱ្យ​សំរាម​សំណល់​រឹង​បន្ត​កើនឡើង​នៅ​រាជធានី​ភ្នំពេញ គឺ​កើតឡើង​ដោយសារតែ​អ្នកប្រើប្រាស់​គ្រប់គ្រង និង​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ ទៅតាម​ប្រភេទ​សំរាម​នីមួយៗ​។ លោក​នេត្រ ភ​ក្ត្រា បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ត្រូវ​វិច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​ការ​បំពុលបរិស្ថាន និង​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​លោក​នេត្រ ភ​ក្ត្រា បានឱ្យដឹង​ផងដែ​រថា រហូតមកទល់​នឹង​ពេលនេះ ការកែឆ្នៃ​សំរាម​នៅ​ប្រទេស​កម្ពុជា ពុំទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ច្បាស់​នៅឡើយ​ទេ គឺ​កំពុង​ស្ថិតនៅក្នុង​ការសិក្សា​នៅឡើយ​។ ចំណែក​ការ​ទុកដាក់​សំរាម​វិញ រហូតមកទល់​នឹង​ពេលនេះ ក្រសួង​បរិស្ថាន បានធ្វើ​ការផាកពិន័យ​ទៅលើ​ក្រុមហ៊ុន ម្ចាស់​ភោជនី​ដ្ឋា​ន ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​ផងដែរ ដែល​ពួកគេ​ពុំបាន​ទុកដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​៕

 ពាក្យគន្លឹះ  ប្រសួងបរិស្ថានសំរាម

ព័ត៌មានផ្សេងទៀត