វៀតណាមបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចជាមួយខេត្តក្រចេះ

20-09-2018 11:11 am 1097
  ស្តាប់
(រូបតំណាង) ចម្ការកៅស៊ូមួយ គម្រោងដីសម្បទាន​សេដ្ឋកិច្ច ក្នុងខេត្ត​មណ្ឌលគិរី ។ រូបថតពី VOA ។
ស្តាប់ជាសំឡេង

លោក វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា បានជួបប្រជុំ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា...

ក្នុងជំនួបប្រជុំកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា លោក វ៉ូ គៀនមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា-វៀតណាម បានអនុគ្រោះនូវវិស័យជាច្រើន ក្នុងការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ និងនិយោជក ដែលបានបម្រើការក្នុងបណ្តាក្រុមហ៊ុនវិនិយោគ ពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដោយបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងបច្ចេកទេស បទពិសោធន៍ វគ្គបណ្តុះបណ្តាល តាមរយៈការធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ។

លោករំពឹងថា អាជ្ញាធរខេត្តក្រចេះ និងបណ្តាក្រុមហ៊ុនវៀតណាម ដែលបានវិនិយោគនៅលើទឹកដីខេត្តនេះ នឹងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ។

បើតាមលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តក្រចេះ មានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចចំនួន៤៩ក្រុមហ៊ុន លើផ្ទៃដីសរុប ១៩៩.៩១៦ ហិកតា ដោយដាំដុះកៅស៊ូចំនួន ៨៥.០០០ ហិកតា និងដំឡូងមី ៤.៥២២ ហិកតា ។

ដោយឡែក សម្រាប់ក្រុមហ៊ុនវៀតណាម ដែលបានវិនិយោគដីសម្បទានសេដ្ឋកិច្ចលើដំណាំកសិឧស្សាហកម្មមានចំនួន១៧ក្រុមហ៊ុន លើផ្ទៃដីសរុប ៦៥.២១៣ហិកតា ដោយដាំដុះសម្រេចបាន ៣៦.៤៧៤ ហិកតា ។ 

លោក វ៉ា ថន បន្តថា ខេត្តក្រចេះ មានក្រុមហ៊ុនសហគ្រាសអាជីវករធនធានរ៉ែ ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលសរុបចំនួន៣៤ក្រុមហ៊ុន ស្មើនឹង៣៨អាជ្ញាប័ណ្ណ ក្នុងនោះ ក្រុមហ៊ុនវៀតណាមដែលវិនិយោគលើវិស័យរ៉ែមាស មានចំនួន៤ក្រុមហ៊ុន គឺក្រុមហ៊ុនស្រាវជ្រាវរ៉ែមាស១ក្រុមហ៊ុន និងក្រុមហ៊ុនថ្មអារ ៣ក្រុមហ៊ុន ៕ 

ព័ត៌មានផ្សេងទៀត