សាលាដំបូង​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ករណី​លោក​កឹម សុខាមិនមែន​ករណី​ឃុំខ្លួន​នៅផ្ទះ​

20-09-2018 9:27 am 1354

​លោក​កឹម សុខា​ត្រូវបាន​លោក​គី ឬ​ទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ឲ្យ​នៅក្រោម​ការត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ ជំនួស​ឲ្យ​វិធានកា​រ​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​។ យោងតាម​ដី​កាសម្រេច​ដាក់ឲ្យ​នៅក្រោម​ការត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ គឺ​ផ្អែក​មួយផ្នែក​លើ​ហេតុផល​សុខភាព​របស់​ជន​ត្រូវ​ចោទ​។ ក្នុងឋានៈ​ជា​ជន​ត្រូវ​ចោទ ក្នុង​សំណុំរឿង​ក្តីនៅ​តុលាការ លោក​កឹម សុខា​ត្រូវ​បាន​អនុញ្ញាតឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​ដាក់ឲ្យ​ជាប់​នូវ​កាតព្វកិច្ច​មួយចំនួន ដើម្បី​បម្រើឲ្យ​ចំណាត់ការ​នីតិវិធី បន្ត​សំណុំរឿង​ដោយ​ចៅក្រម​។​

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ទៀតថា ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា ដែល​ត្រូវ​បានដាក់ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ពុំមែន​ជា​ករណី​នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ​។ ទន្ទឹមនឹងនេះ ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ក្នុង​ការហាមឃាត់​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា​មិនឲ្យ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​ណាមួ​យ​ជា​កំណត់ គឺជា​សិទ្ធិអំណាច​របស់​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើឡើង​ស្របតាម​មាត្រា​២២៣ កថាខណ្ឌ​ទី​២ ចំណុច​ទី​១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​ផ្អែកលើ​ហេតុផល​ផ្នែក​សន្តិសុខ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានាថា ជន​ត្រូវ​ចោទ​នឹងមិន​រត់គេចខ្លួន​ពី​នីតិវិធីតុលាការ​។​

ក្នុងន័យនេះ ជន​ត្រូវ​ចោទ​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុងការ​ចេញពីផ្ទះ​របស់ខ្លួន ក្នុង​ព្រំប្រទល់​ដែនដី ដែល​កំណត់ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដែល​មិន​ស្ថិតនៅក្នុង​ក្រម​ខណ្ឌ​បញ្ជី នៃ​ការហាមឃាត់​របស់​តុលាការ​។ ពោល​លោក​កឹម សុខា​មិនត្រូវ​បានអនុញ្ញាត ឲ្យចេញ​ក្រៅពី​ព្រំប្រទល់ នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨ និង​មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។ បន្ថែម​ពីនេះ លោក​កឹម សុខា​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ផងដែរ​។​

​គួរ​កត់សំគាល់ថា ការចេញ​សេចក្តីថ្លែងការណ៍ របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន​មួយចំនួន នៅតែ​មានបន្ទិល អំពី​នីតិវិធី​របស់​តុលាការ នៅក្នុង​ការអនុញ្ញាតឲ្យ​លោក​កឹម សុខា​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន រយៈពេល​ជាង​១​សប្តាហ៍​មកនេះ​។​
​​

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត