លោក​​ហ៊ុន សែន​​អំពាវនាវ​​ដល់​កម្មករ​​កុំ​ឱ្យ​តវ៉ា​​បិទផ្លូវ​​តទៅ​ទៀត​​

19-09-2018 5:28 pm 1829
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​ករណី​កម្មករ​-​កម្មការិនី នៅ​រោងចក្រ​យីហោ «​ជី​ម លី​» ប្រមាណ​ជិត​១​ពាន់​នាក់ នាំគ្នា​បិទ​ផ្លូវជាតិ​លេខ​៤ តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ការងារ ជួយ​ដោះស្រាយ​ជូន​ពួកគេ រឿង​ថៅកែ​រោងចក្រ​បាន​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ឲ្យចំ​នួន​២​ខែ​មកហើយ​នោះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​កម្មករ​-​កម្មការិនី​ទូទាំងប្រទេស​ទាំងអស់ សូមកុំ​ធ្វើ​សកម្មភាព​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​នូវ​បញ្ហា​ផ្សេងៗ ដូចជា ករណី​ទាមទារ​ប្រាក់​សំណង​រឿង​ថៅកែ​រត់ចោល​ជាដើម ពីព្រោះ​វា​គឺជា​សកម្មភាព​ខុសច្បាប់ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ដល់​អ្នកដទៃ ជាពិសេស​រាំងខ្ទប់ ចំពោះ​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​ជាដើម​………………

​សំឡេង​៖

​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល លោក​ចុះជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី សរុប​ប្រមាណ​២៧,៤៤៤​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៤ នៅក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ លោក​ហ៊ុន សែន បន្តថា ការបិទផ្លូវ​នេះ មិន​សម្លាប់​ថៅកែ​ទេ គឺ​សម្លាប់​អ្នក​ធ្វើចរាចរ ហើយ​លោក​បាន​បញ្ជាក់ថា លុយ​គង់តែ​ដោះស្រាយ​ជូន​ទេ​សុំ​តែ​កុំ​បិទផ្លូវ​បាន​ហើយ​។ 

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​យីហោ «​ជី​ម លី​» ជាង​១ពាន់​នាក់ បាន​បិទ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅក្នុង​ភូមិ​គល់ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ពួកគេ​បានទាមទារ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​ជូន​ពួកគាត់ បន្ទាប់ពី​ថៅកែ​រោងចក្រ​បាន​រត់ចោល និង​មិន​បើក​ប្រាក់ខែ​ឱ្យ​ចំនួន​២​ខែ​មកហើយ​។ ក្រោយ​មាន​ហេតុការណ៍​នេះ កើតឡើង​មន្ត្រី​ក្រសួង​ការងារ និង​អាជ្ញាធរ បានប្រកាស និង​ដោះស្រាយ​ជូន​ពួកគាត់ ដោយ​សន្យាថា នឹង​យកប្រាក់​បុរេប្រទាន​របស់​រាជរដ្ឋាភិបាល ទៅ​បើក​ជូន​ពួកគាត់ នៅមុន​បុណ្យ​ភ្ជុំ​បិណ្ឌ ទើប​កម្មករ​យល់ព្រម​បើកផ្លូវ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត