ក្រសួង​កសិកម្ម​បារម្ភ​ពី​ជំងឺ​ម៉ូ​សា​អ៊ិកលើ​ដំឡូង​មី ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ

19-09-2018 5:00 pm 526
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បង្ហាញ​ការព្រួយបារម្ភ​លើ​បញ្ហា ជំងឺ​ម៉ូ​សា​អ៊ិក ដែល​កំពុង​កើតមាន​លើ​ដំណាំ​ដំឡូង​មី​នៅក្នុង​តំបន់ ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល និង​អាចឈាន​ទៅ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។ 

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ផែនការ​គ្រប់គ្រង​ជំងឺ​ម៉ូ​សា​អ៊ិក​ដំឡូង​មីនៅ​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃទី​១៨ កញ្ញា លោក​វេង សាខុន បញ្ជាក់ថា ការលេចឡើង​នូវ​ជំងឺ​ម៉ូ​សា​អ៊ិក លើ​ដំណាំ​ដំឡូង​មី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល​(​ការផលិត ការកែច្នៃ និង​ការនាំចេញ​) ព្រមទាំង​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ នៃ​បណ្តា​ប្រទេស​នីមួយ​។ 

​ជំងឺ​ម៉ូ​សា​អ៊ិក​នេះ​បាន​ផ្ទុះឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា និង​អាស៊ី​អាគ្នេយ៍​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៥ បន្ទាប់មក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជំងឺ​នេះ​បាន​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម និង​កម្ពុជា​ដែល​បាន និង​កំពុង​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ដំឡូង​មី​ក្នុង​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ 

​គួរបញ្ជាក់​ថា កម្ពុជា​បាន​ចាត់ទុក​ដំណាំ​ដំឡូង​មី ជា​ដំណាំ​អាទិភាព​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ​។ ដំណាំ​នេះ កំពុង​បំពេញ​តួនាទី​ជា​ស្បៀង​របស់​កសិករ ជា​វត្ថុធាតុដើម​បម្រើឲ្យ​វិស័យ​កសិឧស្សាហកម្ម​។ នៅ​ឆ្នាំ​២០១៧ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង ០,៦១​លាន​ហិកតា និង​ទទួលបាន​ទិន្នផល​ជាង ១៣,៨​លាន​តោន​។ ជាក់ស្តែង ផលិតផល​ដំឡូង​មី​ជាង​៣,៨​លាន​តោន ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត