តុលាការ​ឧក្រិដ្ឋកម្ម​​អន្ដរជាតិ​​ចាប់ផ្ដើម​​ស៊ើបអង្កេត​​បឋម​​លើ​យោធា​​មី​យ៉ាន់​ម៉ា​

19-09-2018 4:26 pm 1232
  ស្តាប់
រូបភាព​ក្រុមរ៉ូហ៊ីងយ៉ា​កំពុង​ជម្លៀសខ្លួន
ស្តាប់ជាសំឡេង

​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ហៅ​កាត់​ថា​កាត់​ថា​ICC បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​ជាបឋម ទាក់ទង​ការចោទប្រកាន់​យោធា​មី​យ៉ាន់​មា​ថា ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋក​ម្មលើ​ក្រុម​មូស្លីម​ជនជាតិភាគតិ​ច​រ៉ូ​ហ៊ីង​យ៉ា​។ ដំណើរការ​ស៊ើបអង្កេត​បឋម​នេះ អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការស៊ើបអង្កេត​ពេញលេញ ទៅលើ​ការបង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា ដែល​បានសម្លាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ និង​ជាង​៧០​ម៉ឺន​នាក់​ជម្លៀស​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​។​

​កាលពី​ខែ​មុន​មី​យ៉ាន់​ម៉ា​បាន​ច្រានចោល​របាយការណ៍ របស់​អង្គការសហប្រជាជាតិ​ម្ដង​រួចមកហើយ ដែល​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​លើ​យោធា​របស់ខ្លួន ជុំវិញ​ការប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​។ យោធា​មី​យ៉ាន់​ធ្លាប់​ប្រកាសថា​មិន​បានធ្វើ​អ្វី​ខុស​ទេ ទៅលើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។ តែ​យ៉ាងណាក៏ដោយ​យោធា​ត្រូវ​ក្រុម​អង្គការសិទ្ធិមនុស្ស​រិះគន់ថា ប៉ុនប៉ង​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​។​

​យោធា​បានចាប់ផ្ដើម​បង្ក្រាប​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន​កាលពី​ឆ្នាំមុន បន្ទាប់ពី​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​បើក​ការវាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស​។ មនុស្ស​រាប់ម៉ឺន​នាក់​ក៏​ចាប់ផ្ដើម​ជម្លៀស​ខ្លួន​ទៅ​បង់​ក្លា​ដែស​តាំងពីពេល​នោះមក​។ វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មិនទាន់មាន​ដំណោះស្រាយ ហើយ​កាលពី​ថ្ងៃ​អង្គារ​រដ្ឋអាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ អ្នកស្រី​Fatou Bensouda​បានសម្រេច​បើក​ការស៊ើបអង្កេត​ជាបឋម ចំពោះ​ព័ត៌មាន​ដែល​ទទួលបាន​។

អ្នកស្រី​Bensouda​និយាយថា ការស៊ើបអង្កេត​អាចទាក់ទង​នឹង​ការ​ដកសិទ្ធិ​ជា​មូលដ្ឋាន ការសម្លាប់ អំពើហិង្សា​ផ្លូវភេទ ការបង្ខិតបង្ខំ ការបំផ្លិចបំផ្លាញ និង​រឹបអូស​នានា​។ តុលារ​ការ​ក៏​នឹង​ពិចារណា​ផងដែរ​ថា​តើ​ការ​ធ្វើទុក្ខបុកម្នេញ ឬ​អំពើ​អមនុស្សធម៌​ផ្សេងទៀត បាន​ដើរតួនាទី​យ៉ាងម៉េច​ខ្លះ​ក្នុង​វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។ ទោះបីជា​មី​យ៉ាន់​ម៉ា​មិនទាន់បាន​ចុះហត្ថលេខា​ចូលរួម​ជា​សមាជិក​របស់​របស់​ICC ប៉ុន្ដែ​ចៅក្រម​បានសម្រេច​ថា​តុលាការ​នៅតែមាន​យុត្ដាធិកា លើ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ដលើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ព្រោះ​បង់​ក្លា​ដែស​គឺជា​សមាជិក​មួយ​របស់​ICC​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​របាយការណ៍​ចំនួន​៤៤៤​ទំព័រ ដែល​រៀបរាប់​លម្អិត​ពី​ការចោទប្រកាន់​លើ​យោធា​មី​យ៉ាន់​ម៉ា ទាក់ទង​នឹង​អំពើហិង្សា​ប្រឆាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។ ប្រមុខ​បេសកកម្ម​ស្វែងរក​ការពិត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ថា វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​វាស់​ពី​កម្រិត​នៃ​ភាព​សាហាវឃោឃៅ ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​មិនបាន​យកចិត្ដទុកដាក់ ពី​អាយុជីវិត​ប្រជាជន​ទាំងអស់​នោះទេ​។ របាយការណ៍​នេះ​ក៏ត្រូវ​តំណាង​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ រិះគន់​ផងដែរ​និង​ចាត់ទុកថា​ជា​ការវិនិច្ឆ័យ​ជា​ឯកតោ​ភាគី ព្រមទាំង​គ្មាន​ភាពច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត