ក្រសួង​ធនធានទឹក​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​ជាថ្មី​

19-09-2018 3:18 pm 947

តំបន់​ទំនាប​កណ្ដាល និង​តំបន់​ជួរ​ភ្នំ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ ខែ​កញ្ញា ដែល​កត្តា​នេះ​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កញ្ញា​នេះ​។​

​ក្រសួង​បាន​គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៩-២១ កញ្ញា នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ដោយឡែក ចាប់ពី​ថ្ងៃទី​២២-២៦ កញ្ញា នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស​។ លក្ខណៈ​បែបនេះ បណ្ដាលមកពី​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​អាង​ទន្លេមេគង្គ និង​មាន​ឥទ្ធិពល​លើ​កម្ពុជា​។ 

​គួរ​រំឭក​ដែរថា កាលពីដើម​ខែកក្កដា​កន្លងទៅ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ង​រលើ​ខេត្ត​ចំនួន​៧ ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៧​ពាន់​ខ្នង​ត្រូវបាន​ជន់​លិច ដែល​ក្នុងចំណោម​នោះ​មាន​៥​ពាន់​ខ្នង​រង​ការខូចខាត​ធ្ងន់ធ្ងរ​។ ព្រម​ជាមួយគ្នា​នោះ ផ្ទៃដី​ដាំ​ដុះ​រាប់ម៉ឺន​ហិកតា​ក៏​រង​ការបំផ្លិចបំផ្លាញ​ផងដែរ​៕

 ពាក្យគន្លឹះ  ជំនន់ទឹកភ្លៀង

ព័ត៌មានផ្សេងទៀត