បារាំង​ស្វាគមន៍​ចំពោះ​ការដោះលែង​លោក​កឹម សុខា​និង​សកម្មជន​សិទ្ធិមនុស្ស​

19-09-2018 12:42 pm 1240
  ស្តាប់
ស្តាប់ជាសំឡេង

​បើតាម​សារលិខិត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា នាយករដ្ឋមន្ត្រី​បារាំង​លោក​អេឌូ​អាដ ហ្វី​លីព Edouard Philippe បាន​លើកឡើងថា លោក​ស្វាគមន៍​ជា​វិជ្ជមាន​នូវ​ការវិវត្ត​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​អ្នកប្រឆាំង​ជាច្រើន ក្នុងនោះ​មាន​លោក​កឹម សុខា អ្នកស្រី​ទេព វ​ន្នី អ្នកកាសែត​វិទ្យុ​អាស៊ីសេរី និង​អ្នកការពារ​សិទ្ធិមនុស្ស​លោក​មឿង តុលា​។​

​តាងនា​មឲ្យរដ្ឋាភិបាល​បារាំង លោក​អេឌូ​អាដ ហ្វី​លីព បាន​អះ​អា​ថា​នឹង​គាំទ្រ​កិច្ចប្រឹងប្រែង​របស់លោក​ហ៊ុន សែន ក្នុង​ការបន្ត​កិច្ចសន្ទនា​ដោយ​ចំហរ និង​ស្ថាបនា​ជាមួយ​តួអង្គ​នយោបាយ​នានា សង្គម​ស៊ីវិល និង​បណ្ដាញសារព័ត៌មាន​ជាដើម​។ ព្រម​ជាមួយគ្នានេះ បារាំង​ដែលជា​ប្រទេស​មាន​ឥទ្ធិពល​មួយ​នៅ​សហភាព​អឺរ៉ុប ក៏បាន​ប្ដេជ្ញា​ប្រកៀក​ស្មា​ជាមួយ​កម្ពុជា ដើម្បី​ជួយ​កសាង​កម្ពុជា​ឲ្យមាន​ប្រជាធិបតេយ្យ សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​គួរ​កត់សម្គាល់ថា ក្នុង​លិខិត​ដដែល លោក​នាយករដ្ឋមន្ត្រី​បារាំង​រំពឹង​មាន​កិច្ចសន្ទនា​លើ​គ្រប់​វិស័យ​ដែលជា​ប្រយោជន៍​រួម​រវាង​កម្ពុជា និង​បារាំង  ហើយ​ធ្វើការ​ជាមួយគ្នា​ដើម្បី​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ជំហរ​រដ្ឋាភិបាល​បារាំង​នៅពេលនេះ ក៏​ក្រោយ​សភា​សហភាព​អឺរ៉ុប​ទុកពេល​ឲ្យ​កម្ពុជា​គិតគូរ​ឡើងវិញ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ មុននឹង​ពួកគេ​សម្រេច​ដាក់ទណ្ឌកម្ម​ជា​ផ្លូវការ​មកលើ​កម្ពុជា​។​

​ក្រោយ​លោក​ហ៊ុន សែន ជាប់​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ថ្មី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​បាន​ផ្ញើ​សារ​អបអរ និង​សន្យា​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​រីកចម្រើន​ថែមទៀត ឲ្យស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​អន្តរជាតិ​។ 

​ក្រៅពី​បារាំង ក៏មាន​ប្រទេស​អាឡឺម៉ង់ ជប៉ុន រុស្ស៊ី និង​ចិន ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​មហាអំណាច​បាន​អបអរ​លោក​ហ៊ុន សែន និង​បាន​សន្យា​ជួយ​កម្ពុជា​ទៅតាម​និន្នាការ​នយោបាយ​រៀងៗ​ខ្លួន​។ ជាពិសេស​ផ្ដោតលើ​ការធ្វើ​ប្រតិបត្តិការ​ទ្វេភាគី ទំនាក់ទំនង​វប្បធម៌ និង​ប្រជាជន​ជាដើម​៕

ព័ត៌មានផ្សេងទៀត