ក្រុម​មេធាវី​លោក កឹម សុខា មិន​ទៅ​ចូលរួម​សវន​ការ​នៅ​ថ្ងៃស្អែក​ក្រោយ​ដក​ពាក្យបណ្ដឹង​វិញ​

16-09-2018 11:53 am 4521
រូបថតលោក កឹម សុខា ពេលទៅដល់ផ្ទះជាលើកដំបូងក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។

​សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​ការពិភាក្សា​ដេញដោល​ជាថ្មី​ម្ដងទៀត ទៅលើ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ក៏​ប៉ុន្តែ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី សវន​ការ​នេះ​ទំនងជា​ត្រូវ​រំសាយ ក្រោយ​លោក កឹម សុខា បាន​ដក​ពាក្យបណ្ដឹង​ប្រឆាំង​ការសម្រេច​ឃុំខ្លួន​រូបលោក​វិញ​ហើយ​។ 

​លោក ចាន់ ចេ​ន សមាជិក​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​វាយោ​ថា សវន​ការដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​តាម​ពាក្យបណ្ដឹង​របស់​លោក កឹម សុខា ដែល​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​បន្ត​ឃុំខ្លួន​រូបលោក​។ យ៉ាងណា​ក្រោយ​ត្រូវបាន​តុលាការ​សម្រេច ដោះ​លែង​ជា​បណ្ដោះអាសន្ន លោក កឹម សុខា បាន​ដក​ពាក្យបណ្ដឹង​នោះ​វិញ​ហើយ​។​

​លោក​បាន​អះអាងទៀត​ថា ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ទាំង​៤​រូប​នឹងមិន​ទៅ​ចូលរួម​ការពិភាក្សា​ដេញដោល នោះទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ខណៈ​សវន​ការ​នោះ​ទំនងជា​ត្រូវ​រំសាយ​....

​សំឡេង​លោក ចាន់ ចេ​ន​៖

​លោក កឹម សុខា ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​សុខភាព កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ បើ​ទោះ​បី​ត្រូវ​បាន​ដោះលែង​ពិតមែន ប៉ុន្តែ​សេរីភាព​លោក កឹម សុខា ត្រូវបាន​រិត​ត្បិត​យ៉ាងខ្លាំង​។​

​យោងតាម​ដីកា​សម្រេច​របស់​តុលាការ​ឲ្យដឹងថា​លោក កឹម សុខា ត្រូវបាន​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ដែល​លោក​ត្រូវគោរព​កាតព្វកិច្ច​មួយ​ចំនួន​ដូចជា​៖ «​ក្រៅ​ពី​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិត​នៅលើ​ផ្លូវ​លេខ ៣១៣ មិន​ត្រូវ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ ៣១៣ ផ្លូវ ៣១១ និង​ផ្លូវ ៦០៨​។ ក្នុងករណី​ចាំបាច់​ដោយសារ​ហេតុផល​សុខភាព​ដែល​ត្រូវ​ចាកចេញ​ពី​ព្រំប្រទល់​ដែន​ដី​នេះ​ត្រូវ​រាយការណ៍​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ឬ​ចៅក្រម​ដែល​មាន​សមត្ថកិច្ច​»​។​

​ដីកា​បាន​បន្តថា​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​លោក​មិន​ត្រូវ​ជួប​បុគ្គល​មួយចំនួន​ដែល​រួមមាន «​អតីត​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ដែល​អាចពាក់ព័ន្ធ​នឹង​សំណុំរឿង ជនបរទេស ជាពិសេស​ជនបរទេស​ដែល​អាច​មាន​ការពាក់ព័ន្ធ​នឹង​សំណុំរឿង​»​។​

​បន្ថែម​ពី​នេះ​លោក កឹម សុខា ត្រូវបាន​ហា​មិនឲ្យ​ធ្វើ​សកម្មភាព​ជួបជុំក្នុង​គោលដៅ​នយោបាយ ឬ​សកម្មភាព​នយោបាយ​ផ្សេងទៀត​។ ក្នុងករណី​ដែល​លក្ខខណ្ឌ​ខាងលើ​មិន​ត្រូវបាន​អនុវត្ត ចៅក្រម​ស៊ើបសួរ​តម្រូវ​ឲ្យ​សមត្ថកិច្ច​រាយ​ការណ៍​ជូន​តុលាការ​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត