នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានលើកទី២៧ ដែលប្រព្រឹត្តធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា អាស៊ានអាចចាប់យកនូវការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយនូវកង្វល់នានា ដែលជាផលវិបាកនៃការរីកចម្រើនបច្ចេកវិទ្យាបច្ចុប្បន្ន តាមរយៈវិធានការមួយចំនួន។ តើវិធានការនោះមានអ្វីខ្លះ?
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ថ្មី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានលើកទី២៧ ដែលប្រព្រឹត្តធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី១២-១៣ ខែញ្ញាថា អាស៊ានអាចចាប់យកនូវការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយនូវកង្វល់នានា ដែលជាផលវិបាកនៃការរីកចម្រើនបច្ចេកវិទ្យាបច្ចុប្បន្ន តាមរយៈវិធានការមួយចំនួន ដូចជា៖
- បង្កើតនូវចក្ខុវិស័យអាស៊ានសម្រាប់ឧស្សាហកម្មជំនាន់ទី៤ (AEAN Vision for Industry ៤.០) ប្រកបដោយបរិយាប័ន និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគំនិតផ្ដួចផ្ដើមដែលមានស្រាប់របស់អាស៊ាន។
- រៀបចំកម្មវិធីរួមសម្រាប់កសាងធនធានមនុស្ស ដើម្បីដោះស្រាយបញ្ហាបាត់បង់ការងារ និងវិសមភាពសេដ្ឋកិច្ច និងសង្គម។
- ជំរុញការអភិវឌ្ឍប្រព័ន្ធទ្រទ្រង់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពសហគ្រិន ក្នុងការរៀបចំគំរូធុរកិច្ចថ្មីៗ បង្កើងការងារថ្មី និងតម្រង់ទិសសេដ្ឋកិច្ចនាពេលអនាគត។
- បន្តកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ក្នុងតំបន់ និងអន្តរតំបន់ ដើម្បីជាមូលដ្ឋានគ្រឹៈរឹងមាំសម្រាប់ប្រជាជាតិអាស៊ាន ទាញយកផលប្រយោជន៍ពីបរិបទនៃកំណើនថ្មីក្នុងពិភពលោក។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ នៅក្នុងឱកាសដែលលោកត្រូវបាននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញឱ្យចូលរួម «វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានលើកទី២៧ ដែលក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចរបស់លោកហ៊ុន សែន នៅក្នុងវេទិកាខាងលើនេះ៕