លោកឃួង ស្រេង ណែនាំមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់លើបញ្ហាសំរាម

15-09-2018 10:39 am 1375
  ស្តាប់
ស្តាប់ជាសំឡេង

ក្នុងជំនួបប្រជុំស្តីបញ្ហាសំរាម កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១២ យកចិត្តទុកដាក់ ពង្រឹងដល់ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ និងសហការជាមួយពួកគេឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីលើកកម្ពស់បញ្ហាបរិស្ថាន ។

លោកក៏បានជំរុញឱ្យអភិបាលខណ្ឌទាំងអស់ និងមន្រ្តីពាក់ព័ន្ធ ចាប់ផ្តើមអនុវត្តការផាកពិន័យតាមច្បាប់អន្តរក្រសួង ទៅលើបុគ្គលណាដែលចោលសំរាមនៅតាមទីសាធារណៈ នៅលើផ្លូវសាធារណៈ និងចាក់ចោលទៅលើលូ ជាដើម ដែលទាំងនេះ ត្រូវបានចាត់ទុកថា បានរំលោភលើច្បាប់អន្តរក្រសួង ស្ថាប័នដែលបានចែងកន្លងមក ។ 

លោកអភិបាលក៏បានបង្ហើបប្រាប់ថា ក្រសួងកំពុងគិតគូរទៅលើការរៀបចំពង្រីកទីលានចាក់សំរាមបន្ថែម នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងនៃសំរាម ។

លោក ឃួង ស្រេង បញ្ជាក់ថា បើចង់ឱ្យរាជធានីភ្នំពេញមានកំណើនទេសចរ ដាច់ខាត ត្រូវតែមានបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ។

គូសបញ្ជាក់ថា យោងតាមអនុក្រឹត្យថ្មី ដែលបានដាក់ចេញកាលពីចុងឆ្នាំ២០១៥ ស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន» បានកំណត់ថា ត្រូវផាកពិន័យជាប្រាក់ ចាប់ពី១ម៉ឺនរៀល ទៅ២០ម៉ឺនរៀល និងប្តឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ ៕

ព័ត៌មានផ្សេងទៀត