លោក ឃួង ស្រេង ប្រាប់អ្វីទៅស្នងការនគរបាលថ្មី?

12-09-2018 9:28 am 5016
  ស្តាប់
(ពីឆ្វេងទៅស្តាំ) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ក្នុងពិធីតែងតាំងនិងផ្ទេរតំណែង កាលពីរសៀលម្សិលម៉ិញ ។
ស្តាប់ជាសំឡេង

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានប្រាប់ទៅដល់ស្នងការនគរបាលរាជធានីភ្នំពេញដែលទើបនឹងតែងតាំងថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវពិនិត្យឡើងវិញជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីធានាថា ប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា ។

លោកសង្កត់ធ្ងន់ថា ស្នងការថ្មីត្រូវមើលបញ្ហានេះឱ្យបានខ្លាំងក្លា ខណៈដែលនេះជាបញ្ហាមួយ ត្រូវតែនាំគ្នាធ្វើឱ្យបានល្អ ព្រោះនេះជាតម្រូវការរបស់ប្រជាពលរដ្ឋ ។

លោកអភិបាលបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញ គឺធ្វើយ៉ាងណា ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគាត់មានការថ្នាំងថ្នាក់ ។ 

ជាមួយគ្នានេះ លោកក៏បានព្រមានចាត់វិធានការតាមច្បាប់កងកម្លាំង ចំពោះមន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញណា ដែលអសកម្មក្នុងការបម្រើសេវាជូនពលរដ្ឋ ។

លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញថ្មី បានប្តេជ្ញាថា នឹងបំពេញកាតព្វកិច្ច កាន់តែល្អសម្រាប់ពលរដ្ឋ និងប្រទេសជាតិ ឱ្យស័ក្តិសមទៅនឹងអ្វីដែលរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត ។

គូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ក្នុងថ្ងៃជាមួយគ្នានេះ ៕

 ពាក្យគន្លឹះ  លោកឃួងស្រេងលោកសថេត

ព័ត៌មានផ្សេងទៀត