UN និង​ក្រុម​អង្គការ​​សិទ្ធិមនុស្ស​​អន្តរជាតិ ​ទាមទារ​ឲ្យ​​ទម្លាក់​បទ​ចោទ​​លើ​លោក​កឹម សុខា​​

11-09-2018 3:27 pm 2844
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការសហប្រជាជាតិ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ទម្លាក់បទ​ចោទ​ទាំងអស់លើ​មេដឹកនាំ​អតីត​បក្សប្រឆាំ​ង លោក​កឹម សុខា ដែល​ត្រូវ​បន្ត​ដាក់ឲ្យ​ស្ថិតក្រោម​វិធានការ​ត្រួតពិនិត្យ​ដោយហាម​មិនឲ្យ​ចេញពី​ផ្ទះ បន្ទា​ពី​ដោះលែង​ចេញពី​ពន្ធនាគារ​។​

​ក្នុង​សុន្ទរកថា​បើក​សម័យប្រជុំ​លើក​ទី​៣៩ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១០ កញ្ញា ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុ​កកិច្ចការ​សិទ្ធិមនុស្ស លោកស្រី មី​សែ​ល បា​ឆែ​ល​លែ​ត​(Michelle Bachelet) មានប្រសាសន៍ថា ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ គឺជា​ការគំរាមកំហែង​មួយ​ដល់​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​។​លោកស្រី​ក៏​ស្វាគមន៍​ចំពោះ​ការដោះលែង​អ្នកទោសនយោបាយ​មួយចំនួន និង​ការដោះលែង​លោក​កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្ដែ លោកស្រី​ក៏​ស្នើឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង​ចំពោះ​រូបលោក អ្នកនយោបាយ​ទាំងអស់ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​ត្រូវបាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស ដោយសារតែ​ពួកគេ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​។​

​នាយក​ជាន់ខ្ពស់​អង្គការ​លើកលែងទោស​អន្ដរជាតិ​ទទួលបន្ទុក​ប្រតិបត្តិការ​សកល លោក Minar Pim ple បាន​ថ្លែងថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ដោះលែង​លោក​កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​រដ្ឋាភិបាល​ត្រូវ​ធានាថា លោក​ទទួលបាន​ការមើល​ថែ​សុខភាព​ឲ្យបាន​ដិតដ​ល់​ក្រោយ​ចេញពី​ពន្ធនាគារ​។ លោក​ថា ឥឡូវនេះ លោក​កឹម សុខា បាន​ក្លាយជា​អ្នកទោស​ក្នុងផ្ទះ​របស់គាត់​។​អង្គការ​មួយ​នេះ ចង់ឲ្យមាន​ការដោះលែង​នេះ​ជា​អចិន្ត្រៃយ៍​។ 

​ដូចគ្នានេះដែរ អង្គការ​អន្តរជាតិ ធំៗ​ចំនួន​៣​ទៀត គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង អង្គការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​បទ​ចោទ​លើ​លោក​កឹម សុខា ទាំងស្រុង និង​ផ្តល់​សិទ្ធិសេរីភាព​ដល់​លោក ឲ្យបាន​ពេញលេញ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ ពួកគេ​ចាត់ទុក​ការដោះលែង​លោក​កឹម សុខា នេះ​ថា មិនមែនជា​រឿង​យុត្តិធម៌​អ្វី​ឡើយ ពោលគឺ​គ្រាន់តែ​ជា​ការដោះលែង​បណ្តោះអាសន្ន ពី​ឃុំខ្លួន​ក្នុង​ពន្ធនាគារ មកជា​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បាន​ច្រានចោល​ការលើកឡើង​របស់​ក្រុម​អង្គការ​អន្ដរជាតិ​ទាំងនេះ​។ លោក​ថា ការដោះលែង​លោក កឹម សុខា នៅពេលនេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិនមាន​ការ​លូកដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាមួយ​នោះទេ​។ លោក​និយាយថា រដ្ឋាភិបាល​ត្រូវអនុវត្ត​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​ដើរ​ទន្ទឹមនឹង​ការអនុវត្ត​នីតិរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​ដែរ​។ អ្នកណា​ដែល​ល្មើសច្បាប់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ មិនអាច​ធ្វើតាម​ការចង់​បាន​របស់​ក្រុម​ណាមួយ​បានទេ​៕


ព័ត៌មានផ្សេងទៀត