វៀត​ណាម​​អញ្ជើញ​លោក​​ហ៊ុន​ សែន​​ឱ្យ​​ចូល​រួម​​វេទិកា​​សេដ្ឋ​កិច្ច​ពិភព​លោក​​

11-09-2018 11:42 am 1683
  ស្តាប់
ស្តាប់ជាសំឡេង

​វៀតណាម​ជា​ប្រទេស​ទី​២ បន្ទាប់ពី​ចិន ដែល​អញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៧ បន្ទាប់​លោក​ហ៊ុន សែន ក្លាយជា​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រាប់​អាណត្តិ​ទី​៦ ដែល​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​រដ្ឋសភា​។ (​សេង បារាំង​)

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រភូ​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៧ ស្ដីពី​អាស៊ាន ក្រោម​ប្រធានបទ «​អាស៊ាន ៤.០: សហគ្រិនភាព និង​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤ ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៣ កញ្ញា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់លោក​ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំនេះ នឹង​ជា​ឱកាស​ដ៏​ល្អ​មួយទៀត សម្រាប់​មេដឹកនាំ​រដ្ឋាភិបាល​អង្គ​ការ​អន្តរជាតិ និង​សាជីវកម្ម​ធំៗ ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ដែល​បណ្ដាលមកពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដល់​រដ្ឋាភិបាល​អាស៊ាន និង​អង្គភាព​ពាណិជ្ជកម្ម​នានា ព្រមទាំង​រិះរក​មធ្យោបាយ​ដើម្បី​ប្រើប្រាស់​នវានុវត្តន៍ និង​ការសហការ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ទប់​ទល់នឹង​បញ្ហា​ប្រឈម​ទាំងនោះ​។​

​ក្រៅពី​កិច្ចប្រជុំ​ខាងលើនេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក​រ៉ានី​ល វី​កក្រេ​មមេ​ស៊ីង្ហ នាយករដ្ឋមន្ត្រី​ស្រីលង្កា​, លោក​ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម​, លោក​ថោង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​, លោកតា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​ក្លូស ស្វប់ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​

​សូមបញ្ជាក់ថា ​វៀតណាម ជា​ប្រទេស​ទី​២ បន្ទាប់ពី​ប្រទេស​ចិន ដែល​អញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យទៅ​ចូលរួម​ក្នុង​វេទិកា​សេចក្ដី​ពិភពលោក​លើក​ទី​២៧ បន្ទាប់ពី​លោក​ហ៊ុន សែន ក្លាយជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦ ដែល​ទទួល​ការផ្ដល់​សេចក្ដីទុកចិត្ត​ពី​រដ្ឋសភា ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៩ កក្កដា កន្លងទៅ​។ លោកហ៊ុន សែន ត្រូវបានប្រទេសចិន អញ្ជើញមុនគេ ឱ្យចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អា​ស៊ាន​​លើក​ទី​១៥ ចាប់ពី​ថ្ងៃទី​១០-១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយក្លាយជានាយករដ្ឋ​មន្រ្តីសម្រាប់​អា​ណត្តិ​ទី៦៕

 ពាក្យគន្លឹះ  វៀតណាមលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត