អង្គការ​អន្តរជាតិ​៣​ទាមទារ​ឲ្យ​​តុលាការ​​កម្ពុជា ​ទម្លាក់ចោល​​បទ​ចោទ​​លើ​លោក​កឹម សុខា​​

11-09-2018 11:24 am 1775
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង អង្គការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​បទ​ចោទ​លើ​លោក​កឹម សុខា ទាំងស្រុង និង​ផ្តល់​សិទ្ធិសេរីភាព​ដល់​លោក ឲ្យបាន​ពេញលេញ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ចាត់ទុក​ការដោះលែង​លោក​កឹម សុខា នេះ​ថា មិនមែនជា​រឿង​យុត្តិធម៌​អ្វី​ឡើយ ពោលគឺ​គ្រាន់តែ​ជា​ការដោះលែង​បណ្តោះអាសន្ន ដែល​តំណាង​អយ្យការ​អាច​បង្គាប់​ឲ្យ​នាំខ្លួន​មកកាន់​តុលាការ និង​ចាប់​ឃុំ​វិញ​ភ្លាមៗ​ពេលណា​ក៏បាន​។​

​លោក​ហ្វីល រ៉ូបឺត​សុន (Phil Robertson) លើកឡើងថា យុត្តិធម៌​ពិតប្រាកដ​មានតែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​ការ​ទម្លាក់ចោល​បទ​ចោទ​លើ​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ ធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន ១១៨​រូប ឱ្យបាន​ពេញលេញ​ឡើងវិញ​។​

​ចំណែក​អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ដែលមាន​លោក​លោក ឆា​លស៍ សាន់​ទី​អេ​ហ្គោ (Charles Santiago)​ជា​ប្រធាន ក៏​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ស្វាគមន៍​ចំពោះ​ការដោះលែង​នេះ ប៉ុន្តែ​លោក​ថា ពេលនេះ វា​ហួស​ឆ្ងាយ​ពី​អ្វីដែល​បាន​កើតឡើង​រួចទៅហើយ​។ លោក​ស្នើឲ្យ​សហគមន៍​អន្តរជាតិ​ត្រូវតាម​ឃ្លាំមើល​រដ្ឋាភិបាល​ថ្មី​របស់លោក​ហ៊ុន សែន រហូត​ទាល់តែ​មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ត្រូវបាន​រៀបចំ​ឡើងវិញ​។​

​ឯ​អង្គការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ក៏បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់ចោល​បទ​ចោទ​លើ​លោក​កឹម សុខា ទាំងស្រុង និង​ផ្តល់​សិទ្ធិសេរីភាព​ដល់​លោក ឲ្យបាន​ពេញលេញ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ 

​ជា​ការកត់សម្គាល់ ការដោះលែង​លោក កឹម សុខា ឱ្យ​នៅក្រៅ​ឃុំ​នេះ ធ្វើឡើង​ស្របពេល​សភា​សហភាព​អឺរ៉ុប គ្រោង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១៣ កញ្ញា​ខាងមុខ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៃ​ប្រទេស​ចំនួន ៣ រួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា និង​ប្រទេស​អ៊ូ​ហ្កា​ន់​ដា (Uganda)​។​កិច្ចពិភាក្សា​អំពី​កម្ពុជា​នឹង​ផ្តោតជាសំខាន់​ទៅលើ​ការចាប់​ឃុំខ្លួន​លោក​កឹម សុខា ដាក់ពន្ធនាគារ​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​។​

​ទោះជា​យ៉ាងណា ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​និយាយថា ការដោះលែង​លោក កឹម សុខា នៅពេលនេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិនមាន​ការ​លូកដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាមួយ​នោះទេ​។ លោក​អះអាងថា ការធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​នោះ គឺជា​រឿង​ដែល​មិន​អាចទៅរួច​ឡើយ ហើយ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន ១១៨​រូបនោះ ក៏​មិនអាច​ផ្តល់ឱ្យ​នៅមុន​ឆ្នាំ ២០២៣​បានដែរ​។ លោក​ក៏​បញ្ជាក់ទៀតថា នឹង​គ្មាន​ការបោះឆ្នោត​ឡើងវិញ​នោះឡើយ ព្រោះ​លោក​អះអាងថា អង្ករ​បាន​ក្លាយជា​បាយ​រួចហើយ មិនអាច​ឲ្យទៅជា​អង្ករ​ឡើ​វិញបាន​ជាដាច់ខាត​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាការ​ពិតមែន ប៉ុន្តែ​លោក ត្រូវបាន​ហាមប្រាម​គ្រប់​សកម្មភាព​នយោបាយ និង​ការជួបប្រជុំ​គ្រប់បែបយ៉ាង ជាពិសេស គឺ​លោក​មិនអាច​ចាកចេញ​ពី​តំបន់​ដែល​លោក​រស់នៅ​បានឡើយ​។​លក្ខខណ្ឌ​ទាំងនេះ​ប្រៀបបាន​នឹង​ការប្តូរ​ការឃុំខ្លួន​លោក ក្នុង​ពន្ធនាគារ មកជា​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​យ៉ាង​ដូច្នេះ​ដែរ​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត