លោកនាយក​រដ្ឋមន្ត្រី​៖​ការដោះលែង​លោក​កឹម សុខា គឺ​ដោយសារ​បញ្ហា​សុខភាព​

11-09-2018 10:35 am 1235
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ចំនួន​២២៩​នាក់​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បរិញ្ញាបត្រ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា​ការដាក់​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន គឺ​ដោយសារតែ​បញ្ហា​សុខភាព​។​

​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​នោះ​គឺ​ធ្វើឡើង​បន្ទាប់ពី​លោក​កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់​ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​រួច​មក​។​

​ជាមួយគ្នា​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​នៅ​ក្រៅ​ឃុំ របស់​លោក​កឹម សុខា​នេះ គឺ​ស្ថិត​នៅក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​តុលាការ​។​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហើប​ប្រាប់​ពី​លិខិត​របស់​លោក​កឹម សុខា ក្នុងការ​សុំ​ការជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួង​មហាផ្ទៃ ដើម្បីជួយ​ការពារ​សុខ​សុ​វត្តិភាព​ចំពោះ​រូបលោក កឹម សុខា បើ​ទោះបី​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ឬ​ចេញ​នៅ​ក្រៅ​ឃុំ ក៏ដោយ​។​

​ជា​ការកត់សម្គាល់​ដែរ​ថា ភ្លាមៗ​បន្ទាប់​ពី​តុលាការ​សម្រេច​ដោះលែង​លោក​កឹម សុខា ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា ក៏​បាន​ចេញ​លិខិត​ពន្យល់​ជូន​សាធារណជន​ថា ការសម្រេច​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នេះ គឺ​ផ្អែក​លើ​ហេតុផល​ខាង​សុខភាព និង មាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា លោក កឹម សុខា មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​បាន​ឡើយ  ហើយ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា នៅតែ​បន្ត​អនុវត្ត​ទៅតាម​នីតិវិធី​។​

​សូម​បញ្ជាក់​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ដើម្បី​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៥ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែ​កញ្ញា នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​ប៉េកាំង​៕

ព័ត៌មានផ្សេងទៀត