ប.ស.ស និងPhil-Health ចុះMOU ពង្រឹងសមត្ថភាពអនុវត្តរបបសន្តិសុខសង្គម

11-09-2018 8:59 am 1140
  ស្តាប់
(ពីឆ្វេងទៅស្តាំ) តំណាងភាគី ប.ស.ស លោក អ៊ុក សមវិទ្យា និងតំណាងភាគី Phil-Health លោក ROBERT M.SALVADOR​​ ក្នុងជំនួបម្សិលម៉ិញ​ ។
ស្តាប់ជាសំឡេង

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ រវាងសាជីវកម្មធានារ៉ាប់រងសុខភាពហ្វីលីពីន (Phil-Health) ក្នុងទិសដៅពង្រឹងសមត្ថភាពនៃការអនុវត្តរបបសន្តិសុខសង្គម ឱ្យមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស ទាំងលក្ខណៈតំបន់ និងអន្តរជាតិ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា...

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលដៅចំនួន៣ធំៗគឺ ទី១.បង្កើតទំនាក់ទំនងវិជ្ជាជីវៈ រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (Phil-Health) ទី២.ចែករំលែកចំណេះដឹងប្រតិបត្តិការពាក់ព័ន្ធរួមមានជំនាញ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេស និងទី៣.ដើម្បីជួយសម្រួលដល់ដំណើរការសិក្សារៀនសូត្រ ដែល ប.ស.ស អាចធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈឧបករណ៍ពិតប្រាកដ និងបទពិសោធន៍ជាក់ស្តែង ដែលផ្តល់ផ្ទាល់ដោយដៃគូរបស់ខ្លួន ។

តំណាងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន លោក ROBERT M.SALVADOR បានឱ្យដឹងថា អង្គភាព Phil-Health បច្ចុប្បន្ន បានផ្តល់សេវាថែទាំសុខភាពបានទូលំទូលាយដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ពិសេសជនងាយរងគ្រោះ អ្នកជំងឺ ជនចាស់ជរា ជនពិការ ស្រ្តី និងកុមារ ព្រមទាំងផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃដល់ទុរគតជន ។ អង្គភាពនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាអង្គភាពស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហ្វីលីពីន និងគ្របដណ្តប់ផ្នែកសុខភាពជាសកលទូទាំងប្រទេស ។

គូសបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ។ គិតមកទល់បច្ចុប្បន្ន ផ្នែកថែទាំសុខភាព មានសមាជិកប្រមាណជាង ១,៨លាននាក់ ក្នុងនោះ កម្មករនិយោជិត ១,៥លាននាក់ និងមន្រ្តីសាធារណៈជាង៣០ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់ពីនាយក ប.ស.ស ។ 

លោកបន្តថា តាមរយៈកិច្ចសហការជាមួយ Phil-Health លោកសង្ឃឹមថា នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ៕

 ពាក្យគន្លឹះ  បសសPhil-Health

ព័ត៌មានផ្សេងទៀត