លោក​ហ៊ុន សែនដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ទៅ​ប្រទេស​ចិនព្រឹក​នេះ​

10-09-2018 8:57 am 1232

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​នេះ ដើម្បី​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១០-១២ ខែ​កញ្ញា នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​ប៉េកាំង​។​

​ក្នុងនាម​នាយ​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី លោក​ហ៊ុន សែន​មិនមែន​ទៅ​តែម្នាក់ឯង​នោះទេ តែ​ត្រូវ​អមដំណើរ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​ឥស្សរជន​រាជរដ្ឋាភិបាល​ដទៃទៀត និង​ធុរជន​ពី​សភាវ​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះ លោក​ហ៊ុន សែន​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ក្នុង​គោលបំណង​លើកស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ចិន​រួមទាំង​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន​ដែលមាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន​។ ក្នុងនាម កម្ពុជា​ជា​ប្រទេស​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ លោក​ហ៊ុន សែន​និង​លោក​ហាន់ ចឹង​ឧបនាយករដ្ឋមន្ត្រី​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន​នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឥស្សរជន​ចិន​និង​ទទួល​ការជួប​សម្តែង​ការគួរសម ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក​ធុរកិច្ច​សំខាន់ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន​ផងដែរ​។​

​គួរ​កត់សំគាល់ថា រយៈពេល​ជាង​១​ខែ រាប់​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩​ខែកក្កដា​មក លោក​ហ៊ុន សែន​បាន​រក្សា​វត្តមាន​នៅក្នុង​ប្រទេស​រហូត​មិន​ទៅណា​ឡើយ​។ ដូច្នេះ ចិន​បាន​ក្លាយជា​ប្រទេស​ទីមួយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន​នៅ​ក្រៅប្រទេស ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ទី​៦៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនប្រទេសចិន

ព័ត៌មានផ្សេងទៀត