ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី បានច្រានចោលសំណើរបស់ប្រធានាធិបតីតួកគីលោកអេឌូហ្គេន ដែលអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី។ លោកពូទីន លោករ៉ូហានី និងលោកអេដូហ្គេន បានជួបគ្នានៅក្នុងទីក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។
ប្រធានាធិបតីស៊ីរីលោកអាសាដត្រូវបានរាយការណ៍ថា គ្រោងបើកការវាយប្រហារទ្រង់ទ្រាយធំមួយទៅលើខេត្ដIdlib ជាមូលដ្ឋានធំចុងក្រោយរបស់ក្រុមប្រឆាំងនៅស៊ីរី។ រុស្ស៊ីនិងអ៊ីរ៉ង់គាំទ្រយុទ្ធនាការនេះ ប៉ុន្ដែតួកគីវិញជំទាស់។ តួកគីជំទាស់ដោយសារខ្លួនគាំទ្រក្រុមប្រឆាំងទាំងនោះ ដូច្នេះហើយទើបស្នើសុំឲ្យមានបទឈប់បាញ់ ដើម្បីពិភាក្សារកវិធីសាស្ដ្រដោះស្រាយ។ ប៉ុន្ដែការស្នើសុំរបស់តួកគីត្រូវបរាជ័យ ហើយជាការឆ្លើយតបរុស្ស៊ីនិងអ៊ីរ៉ង់ជាអ្នកគាំទ្រស៊ីរីនិយាយថា ស៊ីរីមានសិទ្ធិកម្ទេចទីតាំងរបស់ក្រុមភេរវករ ហើយការបើកយុទ្ធនាការនៅខេត្ដIdlib ជាការស្ដារសន្ដិភាពនិងស្ថិរភាពក្នុងប្រទេសស៊ីរីឡើងវិញ។
សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំមេដឹកនាំទាំងអស់បានចេញសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យបញ្ចៀសការបង្កហេតុដល់ប្រជាជនផងដែរ៕