ចិនសាទរលោក ហ៊ុន សែន ដែលបានឡើងកាន់អំណាចបន្ត

08-09-2018 2:36 pm 1951
(ពីឆ្វេងមកស្តាំ) លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Keqiang ។

តាមរយៈសារលិខិតរបស់លោក លី ខេជាំង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី៦ ខែកញ្ញា បានបញ្ជាក់ថា លោកសូមសម្តែងការអបអរសាទរ ប្រកបដោយភាពកក់ក្តៅ ជំនួសមុខឱ្យរដ្ឋាភិបាលចិន និងខ្លួនលោកផ្ទាល់ ចំពោះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា បន្តទៀត ។

លោក លី ខេជាំង លើកឡើងថា ស្ថិតក្រោមការដឹកនាំរបស់លោកហ៊ុន សែន ប្រជាជនកម្ពុជាបានទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍដ៏ភ្ញាក់ផ្អើល ចំពោះបុព្វហេតុនៃការកសាងជាតិ ។ ភាគីចិនពិតជាមានក្តីរីករាយ ចំពោះសមិទ្ធផលទាំងអស់នេះ និងជឿជាក់ថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែន នឹងបន្តដឹកនាំប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសមួយ មានភាពរឹងមាំ និងថ្កុំថ្កើងរុងរឿង ។

លោកបញ្ជាក់ថា រយៈកាលប៉ុន្មានឆ្នាំកន្លងទៅ វាពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់ អំពីការផ្លាស់ប្តូរកម្រិតខ្ពស់ទៅវិញទៅមករវាងកម្ពុជា-ចិន ។ ជាមួយគ្នានេះ ក៏បានបង្ហាញនូវ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា និងកិច្ចសម្របសម្រួលពហុវិស័យ ប្រកបដោយភាពជិតស្និទ្ធបំផុតរវាងប្រទេសទាំងពីរ ។

លោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិនរូបនេះ បន្តថា ក្នុងឱកាសនៃការប្រារព្ធខួបឆ្នាំទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា លោកលើកឡើងថា នឹងបន្តការងារជាមួយលោកហ៊ុន សែន ក្នុងការបង្កើតចេញនូវសហគមន៍ ដែលមានការចែករំលែកអនាគតរួមគ្នា រវាងចិន និងកម្ពុជា ជាមួយនឹងយុទ្ធសាស្រ្តដ៏គួរឱ្យកត់សម្គាល់, ការផ្តល់ប្រយោជន៍ទៅកាន់តំបន់ និងសន្តិភាពសកលលោក, ស្ថិរភាព និងវិបុលភាព ៕

 ពាក្យគន្លឹះ  ប្រទេសចិនលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត