លោក​ហ៊ុន សែន ៖ បើ​មិន​បាន​ជួយ​ប្រជាជន សូមមេត្តា​កុំឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក​

07-09-2018 5:33 pm 9062
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​ស្បថ​ចូលកាន់​តំណែង ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ និង​ប្រកាស​សមាសភាព​របស់​គណៈរដ្ឋមន្ដ្រី សម្រាប់​អាណត្តិ​ទី​៦​រួចរាល់ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​លើក​ដំបូង ត្រូវបាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៧ កញ្ញា​នេះ ក្រោម​វត្តមាន​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ជុំវិញ​ការរៀបចំ​សមាសភាព​គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នេះ មាន​មនុស្ស​ជាច្រើន​ទន្ទឹង​រង់ចាំ​មើល​ថា តើ​មាន​ការដោះដូរ​មន្ត្រី​ចាស់​ប៉ុន្មាន ដាក់​មន្ត្រី​ថ្មី​ប៉ុន្មាន​? ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ថា ការធ្វើកំណែទម្រង់​មិនមែន​ទាល់តែ ដូរ​មនុស្ស​នោះ​ទេ តែ​សំខាន់​សំដៅលើ​ខ្លឹមសារ និង​ប្រសិទ្ធភាព​ការងារ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថា ធ្វើ​នយោបាយ​ត្រឹមតែ​ដោះដូរ​មនុស្ស នោះ​គណបក្ស​នយោបាយ​នោះ​នឹង​ស្លាប់ ហើយ​មេដឹកនាំ​នោះ​នឹង​ស្លាប់​ដោយ​ឯកោ​។​

​សំឡេង

​លោកនាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី បាន​ថ្លែងថា លោក​ចាប់ផ្តើម​ធ្វើការ​ពី​មនុស្ស​តែ​៥​នាក់ កើន​ដល់​រាប់លាន​នាក់ ដោយសារ​តែ​នយោបាយ​រក្សា​ចាស់ បង្កើន​ថ្មី​។ ម្យ៉ាងវិញទៀត ជោគជ័យ​សម្រាប់​អាណត្តិ​នេះ មិនមែន​ដោយសារ​តែ​រូបលោក​ជា​នាយករដ្ឋមន្ត្រី​ម្នាក់​ឯង​នោះ​ទេ តែ​គឺ​បានមក​ពី​ការរួបរួម​គ្នា​ពី​រដ្ឋមន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល​ទាំងមូល​។ មួយវិញទៀត បើ​គណបក្ស​ប្រជាជន​ឈ្នះ​ហើយ បែរជា​ត្រូវ​បោះបង់​រដ្ឋមន្ត្រី​មួយចំនួន​ចោល គឺជា​រឿង​អ​គុណធម៌​បំផុត​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា នយោបាយ​រក្សា​កម្លាំង​ចាស់ បង្កើន​កម្លាំង​ថ្មី​នេះហើយ ទើប​ធ្វើឲ្យ​មនុស្ស​ដែល​ចូល​មក​នៅ​ជាមួយ​លោក​ហើយ គឺ​មិន​ងាយ​ចេញ​ទៅ​វិញ​នោះទេ​។​

​សំឡេង

​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការជោគជ័យ​មិន​សំខាន់​លើ​ការដោះដូរ​នោះ​ទេ តែ​សំខាន់​ដួល​កន្លែង​ណា ត្រូវ​ក្រោក​វិញ​នៅ​កន្លែង​នោះ​។ ក្នុង​នោះ​សូម្បី​កូនចៅ​របស់​លោក ក៏​លោក​ទម្លាប់​ធ្វើ​បែប​នេះ​ដែរ ពេល​ពួកគេ​ដួល​លោក​មិន​ដែល​ទៅ​លើ​ក​ឡើយ គឺ​ឲ្យគេ​ងើប​ឡើង​ដោយ​ខ្លួនឯង​។​

​យ៉ាងណាក៏ដោយ ក្រៅពី​លើកឡើង​ពី​ការធ្វើកំណែទម្រង់​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បង្ហាញ​ដោយ​សង្វេប ពី​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​។ នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំ​ចុះ​ផ្សាយ​ជា​សាធារណៈ នូវ​ខ្លឹមសារ​ទាំងស្រុង ពី​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤​នេះ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​ស្នើ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ត្រៀម​រៀបចំ​ឯកសារ​នេះ ដើម្បី​បោះពុម្ភ​ជា​សៀវភៅ ចែកជូន​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​យ៉ាងណាមិញ ជា​ការកត់សម្គាល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា យើង​មិន​ត្រូវ​ធ្វើឱ្យ​ប្រជាជន​ខកចិត្ត​ដោយសារ​ទង្វើ​អសកម្ម ដោយសារ​ទង្វើ​ខុសឆ្គង​របស់​យើង​នោះទេ​, បើ​មិន​ធ្វើ​អ្វី​ទេ សូម​កុំ​ធ្វើ​ឱ្យ​ប្រជាជន​ឈឺចាប់​ដោយសារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​យើង​។ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​មន្ត្រី​ទាំងអស់​ថា “​បើ​មិន​បាន​ជួយ​ប្រជាជន សូមមេត្តា​កុំឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក​”

សំឡេង

សូមបញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ ក៏​មាន​មតិ​របស់​សាធារណជន បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក ដោយ​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ធ្វើយ៉ាងណា ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ កែទម្រង់​ស៊ីជម្រៅ នៃ​ការទទួលខុសត្រូវ​ការ​ងារ​។ កន្លែង​ខ្លះ​ស័ក្ត​២ ធំ​ជាង​ស័ក្ត​៥​។ កន្លែង​ខ្លះ ប្រធាន​មន្ទីរ ធំ​ជាង​អនុរដ្ឋលេខាធិការ ឬ​រដ្ឋលេខាធិការ​។ កន្លែង​ខ្លះ រដ្ឋលេខាធិការ ធំ​ជាង​រដ្ឋ​មន្ត្រី​។ បន្ទាប់​មក​ចំណុច​សំខាន់បំផុត គឺ​វះកាត់​អភិបាល ដែល​មាន​ចរិត​សាហាវៗ គិតតែ​ពី​ប្រមូល​លុយ​ចិញ្ចឹម​បំប៉ន​គ្រួសារ​ខ្លួន ពូកែ​ដោះសារ និង​រាយការណ៍​កុហក​ថ្នាក់លើ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត