ទិវា​​អក្ខរ​កម្ម​​ជាតិ​​៖ លោក​​ហ៊ុន​ ​សែន​​ឱ្យ​​យក​ចិត្ត​ទុក​ដាក់​​​​​ជា​​​បន្ត​​ទៀត​​​ដល់​​​ការ​​ងា​រ​​អក្ខរ​​កម្ម​​​

07-09-2018 5:17 pm 1342
  ស្តាប់
ស្តាប់ជាសំឡេង

​ទិវា​អក្ខរកម្ម​ជាតិ នៅ​ថ្ងៃទី​០៨ កញ្ញា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​រៀបចំ​ប្រារព្វ​ឡើង​ក្រោម​ប្រធានបទ «​អក្ខរកម្ម​ឆ្ពោះទៅ​ការសិក្សា​ពេញ​មួយជីវិត​»​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សារលិខិត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ជាមួយគ្នា​នោះ​លោក​ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ជាតិ អន្តរជាតិ សហគមន៍ និង​ប្រជាជន​គ្រប់រូប ឱ្យ​យកចិត្តទុកដាក់​ខ្ពស់ ជា​បន្តទៀត​ដល់​ការងារ​អក្ខរកម្ម ក៏ដូចជា​ការងារ​អប់រំ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ផងដែរ​។ (​សេង បារាំង​)

​ក្នុង​កាស​ខួប​២០​ឆ្នាំ​នៃ​ទី​វា​អក្ខរកម្ម​ជាតិ នៅ​ថ្ងៃទី​០៨ កញ្ញា ឆ្នាំ២០១៨ លោក​ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​នេះ តាមរយៈ​សារលិខិត​បានលើកឡើង​ថា បុព្វហេតុ​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដោយសារ​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សង្គមជាតិ​មួយ ដែល​អាច​ធានាឱ្យមាន​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​

​ក្នុង​សារលិខិត​ដដែល​លោក​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ទិវា​អក្ខរកម្ម​ជាតិ នៅ​ថ្ងៃទី​០៨ កញ្ញា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​រៀបចំ​ប្រារព្វ​ឡើង​ក្រោម​ប្រធានបទ «​អក្ខរកម្ម​ឆ្ពោះទៅ​ការសិក្សា​ពេញ​មួយជីវិត​»​ជាមួយនឹង​ចក្ខុវិស័យ អភិវឌ្ឍ​ប្រជាជន​កម្ពុជា​គ្រប់រូប ឱ្យ​ទទួលបាន​ឱកាស​សិក្សា​ពេញ​មួយជីវិត គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ ប្រកបដោយ​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​គុណសម្បទា ដើម្បី​រួមចំណែក​បង្កើន​សេដ្ឋកិច្ច និង​សុខដុម​ជិវិត​បុគ្គល និង​សង្គម​។​

​លោក​ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទស្សនទាន​នៃ​ប្រធានបទ​ខាងលើនេះ មិន​សំដៅ​ត្រឹមតែ​ការរៀន​អក្ខរកម្ម​ចេះអក្សរ ចេះ​លេខ​នព្វ​ន្ត​ប៉ុណ្ណោះទេ គឺ​បាន​គិតគូរ​ដល់​ឱកាស​ក្នុង​ការទទួលបាន​ចំណេះដឹង ចំណេះធ្វើ សហគ្រិន ជំនាញ​វិជ្ជាជិវៈ និង​ន​វា​នុវត្ត​គ្រប់ផ្នែក គ្រប់​វិស័យ ពិសេស​អក្ខរ​កម្ម​បច្ចេកវិទ្យា ដែល​សព្វថ្ងៃ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ក្នុង​បរិការណ៍​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​ដើម្បី​ផ្សារភ្ជាប់​ការងារ​អក្ខរកម្ម​ទៅនឹង​ការសិក្សា​ពេញ​មួយជីវិត ជាពិសេស​ការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ ប្រែក្លាយ​ពលករ​ដែល​ប្រើ​កម្លាំ​ងសុទ្ធ ទៅជា​ការប្រើប្រាស​ជំនាញ​ស្របតាម​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​កម្ពុជា​។​

​ជាមួយគ្នា​នោះ​លោក​ហ៊ុន សែន ក៏បាន​អំពាវ​នាច​ដល់​ស្ថាប័ន​ជាតិ អន្តរជាតិ សហគមន៍ និង​ប្រជាជន​គ្រប់រូប ឱ្យយក​ចិត្ត​ទុកដាក់​ខ្ពស់ ជា​បន្តទៀត​ដល់​ការងារ​អក្ខរកម្ម ក៏ដូចជា​ការងារ​អប់រំ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត