ចិន​ជា​ប្រទេស​ទី​១ ដែល​លោក​ហ៊ុន សែន​ត្រូវបំពេញ​ទស្ស​កិច្ចក្រោយ​ឈ្នះឆ្នោត​

07-09-2018 1:42 pm 1523

​រយៈពេល​ជាង​១​ខែ រាប់​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩​ខែកក្កដា​មក លោក​ហ៊ុន សែន​បាន​រក្សា​វត្តមាន​នៅក្នុង​ប្រទេស មិន​ទៅណា​ឡើយ​។ តែ​ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត ដោយ​ទទួលបាន​អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា ហើយ​រដ្ឋាភិបាល​ថ្មី​បាន​បង្កើត និង​រៀបចំ​រួចរាល់ លោក​ហ៊ុន សែន​នឹង​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស ដោយ​ដំបូង​ផ្តើមចេញពី​ប្រទេស​ចិន​។ តប​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​ប៉េកាំង លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ចាប់ពី​ថ្ងៃទី​១០-១២ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ 

​ទស្សនកិច្ច​លើកដំបូង​នៅ​ក្រៅប្រទេស ក្នុងនាម​នាយ​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី លោក​ហ៊ុន សែន​មិនមែន​ទៅ​តែម្នាក់ឯង​នោះទេ តែ​នឹងត្រូវ​អមដំណើរ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​ឥស្សរជន​រាជរដ្ឋាភិបាល​ដទៃទៀត និង​ធុរជន​ពី​សភាវ​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ចេញផ្សាយ​នា​ថ្ងៃទី​៧ ខែកញ្ញា​នេះ​។​

នៅក្នុង​ឱកាស​នោះ​លោក​ហ៊ុន សែន​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ក្នុង​គោលបំណង​លើកស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ចិន​រួមទាំង​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន​ដែលមាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន​។ ក្នុងនាម កម្ពុជា​ជា​ប្រទេស​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ លោក​ហ៊ុន សែន​និង​លោក​ហាន់ ចឹង​ឧបនាយករដ្ឋមន្ត្រី​ចិន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន​នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឥស្សរជន​ចិន​និង​ទទួល​ការជួប​សម្តែង​ការគួរសម ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក​ធុរកិច្ច​សំខាន់ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន​ផងដែរ​។​

​គួរ​ជម្រាបជូន​ដែរថា ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ប្រារព្ធ​ឡើង​ក្រោម​មូលបទ « រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុវត្ត​សហគមន៍​ចិន​-​អាស៊ាន »​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹងមានការដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា​ជាច្រើន​ពី​អាស៊ាន​និង​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​បស់​វិស័យ​ឯកជន នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​។ 

​ពិព័រណ៍​ចិន​-​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​កាលានុវត្តភាព​ធុរកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យបាន នូវ​គោលដៅ​វិនិយោគទុន​នូវ​ទំហំ​ទឹកប្រាក់ ១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ប្រទេស​ចិន​មកកាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លា​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅកាន់​ប្រទេស​ចិន នៅត្រឹម​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត