កាសែត​អាមេរិក​៖​​លោក​ម៉ា​ធី​ស​នឹង​ចុះ​ចេញ​ពី​តំណែង​​រដ្ឋមន្ដ្រី​​ក្រសួងការពារជាតិ​ឆាប់ៗ​

07-09-2018 11:45 am 1982
  ស្តាប់
​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក​ជី​ម ម៉ា​ធី​ស
ស្តាប់ជាសំឡេង

​តាម​ការចុះផ្សាយ​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្ដិ៍​កាលពី​ថ្មីៗ​នេះ បាន​បញ្ជាក់ថា​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក​ជី​ម ម៉ា​ធី​ស អាច​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ អត្ថបទ​ដែល​ចេញផ្សាយ​តាម​អន​ឡាញ​និយាយថា មន្ដ្រី​សេត​វិមាន​កំពុង​ពិភាក្សា​រក​អ្នក​ដែល​នឹង​ជំនួស​តំណែង​លោក​ម៉ា​ធី​ស​។ យោងតាម​មន្ដ្រីជាន់ខ្ពស់​សេត​វិមាន ទំនាក់ទំនង​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​រដ្ឋមន្ដ្រី​ជី​ម ម៉ា​ធី​ស គ្មាន​ភាពល្អប្រសើរ​ទេ​មានតែ​ភាព​ខ្វែងគំនិត​គ្នា​។​

​មន្ដ្រី​ដដែល​និយាយថា លោក​ត្រាំ​តែងតែ​គោរព​លោក​ម៉ា​ធី​ស ប៉ុន្ដែ​ពេលនេះ​កំពុងមាន​មន្ទិល​ទាក់ទង​នឹង​ហេតុផល​បង្ក​ជា​ភាព​ល្អក់កករ និង​កំពុងមាន​ចម្ងល់​ថា​លោក​ម៉ា​ធី​សបាន​និយាយ​អ្វីខ្លះ​ពីក្រោយ​ខ្នង​លោក​ដូណាល់ ត្រាំ​។ កាសែត​ក៏បាន​ដកស្រង់​សម្ដី​មន្ដ្រី​អាមេរិក​មក​ចុះផ្សាយ​ថា បញ្ជី​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ម៉ា​ធី​ស​បានធ្វើ​រួចរាល់​ហើយ ក្នុងនោះ​មាន​មន្ដ្រី​ផ្កាយ​បួន​ចូលនិវត្ដន៍​លោក​ជេក ឃី​ន និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​លោ​កធូម ខ​ត​ថុន​។​

យ៉ាងណាមិញ​លោក​ដូណាល់ ត្រាំ បាន​ច្រានចោល​ព័ត៌មាន​ថា​លោក​ម៉ា​ធី​សនឹង​ចុះ​ចេញពី​តំណែង​។ ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​លោក​ត្រាំ​ថា លោក​ម៉ា​ធី​សនឹង​បន្ដ​កាន់តំណែង​ដដែល ហើយ​លោក​ពិតជា​សប្បាយចិត្ដ​មានលោក​ម៉ាធីស​ជា​រដ្ឋ​មន្ដ្រី​ការពារជាតិ​។ 

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះផ្សាយ​ថា ទំនាក់ទំនង​លោក​ត្រាំ​និង​លោក​ម៉ា​ធី​ស​កំពុងតែ​ផុយស្រួយ​។ សៀវភៅ​មួយ​ដែល​សរសេរ​ដោយ​អ្នកកាសែត​ល្បីឈ្មោះ​ម្នាក់​បាន​និយាយថា លោក​ម៉ា​ធី​សបាន​ខ្វែងគំនិត​គ្នា​ជុំវិញ​ការបញ្ជាឲ្យ​សម្លាប់លោក​អាសាដ​មេដឹកនាំ​ស៊ីរី​។ បន្ទាប់ពី​អាមេរិក​ចោទថា​លោក​អាសាដ​បាន​បញ្ជា​ឲ្យប្រើ​អាវុធ​គីមី​សម្លាប់ប្រជាជន លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​លោក​ម៉ា​ធី​ស​ធ្វើឃាត​លោក​អាសាដ​ដោយ​សម្ងាត់​។ ប៉ុន្ដែ​លោក​ម៉ា​ធី​ស​មិនបាន​ប៉ះពាល់​ឬ​គំរាមកំហែង​លោក​អាសាដ​ឡើយ​។ នៅក្នុង​សៀវភៅ​នេះដែរ​បង្ហាញថា លោក​ម៉ា​ធី​ស​អន់ចិត្ដ​នឹង​លោក​ត្រាំ​លើ​បញ្ហា​ជាច្រើន​ទៀត ប៉ុន្ដែ​មិន​បានបញ្ជាក់​លម្អិត​។ តែ​សៀវភៅ​នេះ​ទាំង​លោក​ត្រាំ​និង​លោក​ម៉ា​ធី​ស​មិន​ទទួលស្គាល់​ឡើយ​៕

ព័ត៌មានផ្សេងទៀត