​លោក​ហ៊ុន សែន​ ធានា​បួន​ចំណុច​​សម្រាប់​​ដំណើរ​ទៅមុខ​​របស់​កម្ពុជា​​ក្នុង​នីតិកាល​​ទី​៦​

07-09-2018 11:05 am 2807
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានធ្វើ​ការធានា​បួន​ចំណុច​សំខាន់​ជូន​ដល់​ជនរួមជាតិ​ទាំ​អស់​តាមរយៈ​ការអនុវត្ត​កម្មវិធី​នយោបាយ​សម្រាប់​ដំណើរ​ទៅមុខ​របស់​កម្ពុជា ក្នុង​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​ការធានា​ចំនួន​៤​ចំណុច​នេះ ធ្វើឡើង ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​០៦ កញ្ញា ឆ្នាំ​២០១៨​។​

​ការធានា​បួន​ចំណុច​នោះ​រួមមាន ទី​១ ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​ភូមិ ឃុំ សម្រាប់ ការរស់នៅ​ដោយ​សុខក្សេមក្សាន្ត​របស់​ប្រជាជន​នៅ​គ្រប់ទិសទី​ក្នុង​ផ្ទៃ​ប្រទេស ព្រមទាំង​ការ ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូ​រណ ភាព​ទឹកដី មិនឱ្យ​កម្លាំង​ណា​មក​រំលោភបំពាន និង​បំផ្លាញ​បានឡើយ​។​

​ទី​២ ធានា​បន្ត ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុង​គ្រប់​វិស័យ ដោយ​ផ្ដោត​អាទិភាព ទៅលើ​ការកែទម្រង់ អភិបាលកិច្ច សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ និង​កសាង​រដ្ឋបាល ស្អាតស្អំ ព្រមទាំង​ការបង្កើន ប្រសិទ្ធភាព និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ ការពង្រឹង​បរិស្ថាន​ម៉ាក្រូសេដ្ឋកិច្ច ដែលមាន​ស្ថិរភាព​រឹងមាំ ធន​និង​វិបត្តិ និង​ទ្រទ្រង់​ដោយ​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព បរិយា​ប័ន្ន​និង​សមធម៌​។ ការបន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ទៅលើ​ការវិនិយោគ​លើ​មូលធន​មនុស្ស ការលើកកម្ពស់ និង​ការបង្កើន​ការវិនិយោគ ទាំង​ការ​វិនិយោគសាធារណៈ ទាំង​ការវិនិយោគ ឯកជន លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ទាំង​ផ្នែក​រឹង ទាំង​ផ្នែក​ទន់ ដើម្បី​បង្កើត ភាព​ទាក់ទាញ និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា បម្រើ​ដល់​សេចក្ដីត្រូវការ​គ្រប់ ផ្នែក​របស់​ប្រជាជន​។ ការពង្រឹង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ពិសេស​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ខ្នាតតូច និង​មធ្យម ព្រមទាំង​សេវា​ឥណទាន​ជនបទ សម្រាប់​សហគ្រាស​ធុន​តូច និង​ធន​មធ្យម និង​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប ក្នុង​អត្រា​ការប្រាក់​ទាប​សមរម្យ​។​ល​។​

​ទី​៣ ធានា​បន្ត​ជំរុញ​លើកកម្ពស់ និង​កែលម្អ​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការ ផ្ដល់ជូន​ដល់ ស្រទាប់​យុវជន​នូវ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព ព្រមជាមួយ​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ ការជួយ​កសិករ​ក្នុង​ការពង្រីក​ផលិតកម្ម និង​ការរក​ទីផ្សារ​លក់​កសិផល​ដោយ​តម្លៃ​សមរម្យ​។ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ព្រមជាមួយ​និង​ការកែលម្អ​លក្ខខណ្ឌ​ការងារ ជូន​កម្មករនិយោជិត ការបន្ត​ដំឡើង​បៀវត្សរ៍ និង​ប្រាក់​សោធន​និវត្តន៍​ជូន​មន្ត្រី សាធារណៈ​គ្រប់ ប្រភេទ ព្រមទាំង​និវត្តន៍​ជន និង​អតីតយុទ្ធជន ការពង្រីក​បណ្ដាញ​ផ្គត់ផ្គង់ និង​ការ​បញ្ចុះតម្លៃ អគ្គិសនី ក៏ដូចជា​ការខិតខំ​បញ្ចុះ​ថ្លៃ​ទឹកស្អាត ពិសេស​នៅ​តំបន់​ជនបទ​។​ល​។​

​ទី​៤ ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុង​ការរស់នៅ​របស់​ប្រជាជន ទាំង​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត តាមរយៈ​ការអភិវឌ្ឍ និង​ការពង្រឹង​ប្រព័ន្ធ គាំពារ​សង្គម និង​របប​សន្តិសុខ​សង្គម ប្រកបដោយ ប្រសិទ្ធភាព និង​ចីរភាព ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់រូប ពិសេស​អ្នកក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ពី​ហានិភ័យ​នានា ដោយ​មិន​ទុកឱ្យ​ប្រជា​ជនណាម្នាក់ ទទួល​រងគ្រោះ ដោយ​មិនមាន​ការយកចិត្តទុកដាក់​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត