ក្រសួង​សាធារណការ​ត្រូវការ​ពេលវេលា និង​ថវិកា​ជាច្រើន​ទៀត​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​

06-09-2018 6:47 pm 1038
  ស្តាប់
ស្តាប់ជាសំឡេង

ការមិន​គោរព​ច្បាប់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ជាបន្ទាន់​។ បច្ចុប្បន្ន​គេ​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាច​រណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ គួរឲ្យកត់សម្គាល់​។ ប៉ុន្តែ​មួយចំនួនទៀត​រួមទាំង​អ្នក​ដែល​មានចំណេះដឹង​ដូចជា​និស្សិត បញ្ញវន្ត​ជាដើម​ផង​នោះ នៅតែ​មិន​គោរព​ច្បាប់ ឬ​មិន​ឈប់​នៅពេល​ភ្លើងពណ៌​ក្រហម​ទៅវិញ​។ បែបនេះ ទើប​ក្រសួង​សាធារណការ បញ្ជាក់ថា ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​អប់រំ​ពលរដ្ឋ និង​ត្រូវការ​ថវិកា​ច្រើនណាស់​សម្រាប់​ពង្រឹង​ច្បាប់​ចរាច​រណ៍​។

នៅ​រាជធានី​ភ្នំពេញ​គេ​សង្កេតឃើញ​មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ស្អេកស្កះ​ដាក់​បង្ហាញ​តាម​ដងផ្លូវ​សម្រាប់ឲ្យ​ពលរដ្ឋ​អនុវត្ត​ក្នុងន័យ​សម្រួ​ល​ដល់​ស្ថានភាព​ចរាចរណ៍​។

​មែនទែនទៅ​ឃើញថា​ពលរដ្ឋ​មួយចំនួន ពិតជា​យកចិត្តទុកដាក់​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​។ ប៉ុន្តែ​មួយចំនួនទៀត រួមទាំង​អ្នក​ដែល​មានចំណេះដឹង​ដូចជា​និស្សិត បញ្ញវន្ត​ជាដើម​ផងដែរ នៅតែ​មិន​គោរព​ច្បាប់​ចរាច​រណ៍ ដោយ​ខ្លះ​មិន​ឈប់​នៅពេល​ភ្លើងពណ៌​ក្រហម​ទេ​។ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ ក្រសួង​សាធារណការ​បញ្ជាក់ថា ខ្លួន​ត្រូវការ​ពេលវេលា​ដើម្បី​អប់រំ​ពលរដ្ឋ និង​ត្រូវការ​ថវិកា​ជាច្រើន​ទៀត ។ នេះ​ជា​ការលើកឡើង​ពី​សំណាក់​លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​...

​សំឡេង​លោក​វ៉ា ស៊ឹម​សូរិយា​៖

​លោក​បន្តថា ទោះបី​អាជ្ញាធរ​ពង្រឹង​ច្បាប់​បាន​ល្អប្រសើរ​យ៉ាងណាក៏ដោយ តែបើ​មិនមាន​ការចូលរួម​គោរព និង​អនុវត្តន៍​ច្បាប់​ពី​សំណាក់​ពលរដ្ឋ​ទេនោះ វិធានការ​របស់​អាជ្ញា​ធរ​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដដែល​។​

សូមបញ្ជាក់ថា ការមិន​គោរព​ច្បាប់​ចរាចរណ៍​នេះ មិនមែន​ត្រឹមតែ​ធ្វើឲ្យ​ខូច​សណ្តាប់ធ្នាប់​ក្នុងក្រុង​ប៉ុណ្ណោះទេ តែ​ថែមទាំង​បង្ក​ជា​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង​។ បើ​ផ្អែក​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​បង្ហាញថា ពេញ​មួយឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​កើតឡើង​ចំនួន​៣,៥៣១​ករណី បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១,៧៨០​នាក់ រងរបួស​ចំនួន​៥,៥៣៩​នាក់ ខណៈ​កាលពី​ឆ្នាំ​២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣,៧០០​លើក មាន​អ្នកស្លាប់​ចំនួន ១,៧១៧​នាក់ និង​អ្នករងរបួស​ចំនួន ៦,៦០៧​នាក់​៕

​ដោយ​៖ ប៉ា​ សុ​ខេង​

ព័ត៌មានផ្សេងទៀត