ការប្តេជ្ញា​របស់លោក​ហ៊ុន សែនក្រោយ​សមាជិកសភាមកពី​CPPបោះឆ្នោត​ផ្តល់​ទំនុកចិត្ត

06-09-2018 3:51 pm 1360
  ស្តាប់
ស្តាប់ជាសំឡេង

លោក​ហ៊ុន សែន​បាន​ហៅ​កិច្ចប្រជុំ​រដ្ឋសភា ដែលប្រព្រឹត្តិទៅនៅ​ថ្ងៃទី​៦​ខែកញ្ញា​នេះ ជា​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​មួយ។ ជាកិច្ចប្រជុំដែល សមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា(CPP) សរុបចំនួន១២៥រូប ​បានបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត លោកជា​នាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ទី​៦​ ដែលមានរយៈពេល៥ឆ្នាំ។ នៅក្នុង​ឱកាស​នេះ លោក​បានបង្ហាញ​ក្តីសប្បាយរីករា​យ និង​អរគុណ​ចំពោះ​ការគាំទ្រ​និង​ទំនុកចិត្ត របស់​សមាជិក​សមាជិកា​រ នៃ​រដ្ឋសភាជាតិ​ទាំងមូល​។ លោក​ក៏បាន​ប្តេជ្ញា​ជាថ្មី ថា​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ ដើម្បី​ពលរដ្ឋ​កាន់​តែមាន​ជីវភាព​រស់នៅ​ធូរធារ​ល្អប្រសើរ​។​

បន្ទាប់ពី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​រួច លោក​នាយករដ្ឋមន្ត្រី ត្រូវ​ដឹកនាំ​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ទាំងអស់ ទៅកាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​សច្ចាប្រណិធាន ចូល​កាន់តំណែង នៅមុខ​ព្រះភ័ក្ត្រ ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផងដែរ​។ បន្ទាប់មក​នៅ​ថ្ងៃទី ៧ ខែកញ្ញា​ស្អែក​នេះ លោក​ហ៊ុន សែន បន្ត​អញ្ជើញ​ទៅ​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦​ជា​ផ្លូវការ​លើកដំបូង នៅ​វិមាន​សន្តិភាព​។​

​សូមបញ្ជាក់ថា លោក​ហ៊ុន សែន​ដែល​បាន​គ្រង​តំណែង នាយករដ្ឋមន្ត្រី​លើកដំបូង កាលពី​ឆ្នាំ​១៩៨៥ នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា សម្រាប់​អាណត្តិ​ទី ៦ ដែលមាន​រយៈពេល​៥​ឆ្នាំ​ទៀត ចាប់ពី​ឆ្នាំ​២០១៨-២០២៣​។ លោក​ហ៊ុន សែន​ធ្លាប់បាន​ប្រកាស​ម្តង​ហើយ​ម្តងទៀត កាលពីមុន​បោះឆ្នោត​ថា នឹង​បន្ត​កាន់តំណែង​រយៈពេល​ពីរ​អាណត្តិ​ទៀត ដោយ​លោក​ថា ចង់​ដឹកនាំ​ប្រទេស​និង​អមដំណើរ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​នាំ​ប្រទេស​កម្ពុជា ឲ្យក្លាយ​ជាប្រទេស​មាន​ចំណូលម​ធ្យ​ម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០៕

 

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត