អ្នកនាំពាក្យ​​រាជ​រដ្ឋាភិបាល​​៖​​មិន​ខ្វល់​​ពី​​សេចក្ដី​ថ្លែង​ការណ៍​​របស់​​អតីត​​គណបក្ស​ប្រឆាំង​​

06-09-2018 12:58 pm 2213
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន មិន​ខ្វល់​ពី​សេចក្ដីថ្លែងការណ៍​បដិសេធ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បដិសេធ​ទៅនឹង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦ ដែល​ផ្ដល់​សេចក្ដីទុកចិត្ត​ដោយ​រដ្ឋសភា ដែល​កើតឡើង​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឡើយ ហើយ​លោក​ក៏​មិន​ខ្វល់ ផងដែរ​ចំពោះ​ការផ្ដាច់​ជំនួយ​របស់​ស​ហគ​មន៍​អន្តរជាតិ មកលើ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦​នេះ​។​(​សេង បារាំង​)

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ បន្ត​បដិសេធ​ជាថ្មី​ម្ដងទៀត​មិន​ទទួលស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​០៦ ដែល​បង្កើតឡើង​នៅ​ថ្ងៃទី​០៥-០៦​ខែ​កញ្ញា ឆ្នាំ​២០១៨ ឡើយ ដោយ​នៅតែ​បន្ត​ចោទថា រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦​នេះ គឺ​កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។ សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា រដ្ឋសភា​អាណត្តិ​ទី​០៦​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ហើយក៏​ពុំ​អាច​ធ្វើជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​បាន​ផងដែរ ព្រោះ​ឆន្ទៈ​របស់​ខ្មែរ​ជាង​ពាក់កណ្ដាល​ប្រទេស​ត្រូវបាន​បំបិទ​និង​មិនអាច​បង្ហាញ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​អាណត្តិ​ទី​០៦​ឡើយ​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ​នៅក្នុង​ពិភពលោក ដែលជា​ម្ចាស់ជំនួយ​ដ៏​សំខាន់ និង​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​កម្ពុជា មិនបាន​បញ្ជូន​តំណាង​របស់គេ​ទៅ​ចូលរួម​សម័យប្រជុំរដ្ឋសភា​ដំបូង​ឡើយ​។ នេះ​សបញ្ជាក់​ឱ្យឃើញថា បណ្ដា​ប្រទេស​ទាំងនោះ មិន​ទទួលស្គាល់​ភាពស្របច្បាប់​របស់​រដ្ឋ​សភា​ឯក​បក្ស និង​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​ក្លែងក្លាយ​នេះឡើយ​។ អតីត​គណបក្សប្រឆាំង បាន​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦​នេះ នឹង​ទទួលរង​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​។ 

​ទាក់ទង​ទៅនឹង​សេចក្ដីថ្លែងការណ៍​បដិសេធ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន មិន​ខ្វល់​ឡើយ​។ មិន​ខ្វល់​ដោយសារតែ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​នេះ គឺ​កើតឡើង​ដោយ​ការបោះឆ្នោត ដែល​ទទួលបាន​នីត្យានុកូលភាព​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​ប្រទេស​រយៈពេល​០៥​ឆ្នាំ​ទៀត​។ លោក​ផៃ ស៊ី​ផាន បន្តថា រឿង​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦ វា​ជា​រឿង​ដាច់ដោយឡែក និង​ជា​មតិ​ឯកជន​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​០៦ ក៏​មិន​ខ្វល់​ពី​ការផ្ដាច់​ជំនួយ​របស់​ស​ហគ​មន៍​អន្តរជាតិ​ផងដែរ​……………

​សំឡេង​៖

​យ៉ាងណាក៏ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​អំពាវនាវ​ឱ្យ​សហប្រធាន​នៃ​សន្និសីទ​ទី​ក្រុងប៉ារីស​ស្ដីពី​ប្រទេស​កម្ពុជា ត្រូវធ្វើ​ការកោះប្រជុំ​ជាបន្ទាន់ ក្នុង​គោលបំណង​អនុម័ត​នូវ​វិធានការ​សមស្រប​ទាំងឡាយ ដើម្បី​ធានា​នូវ​ការគោរព​ការប្ដេជ្ញាចិត្ត​របស់​សហ​គ​មន៍​អន្តរជាតិ និង​ដើម្បី​នាំ​កម្ពុជា​មកកាន់​កន្លង​ប្រជាធិបតេយ្យ សេរី ពហុបក្ស​វិញ​។ តែ​កន្លងមក​មន្ត្រី​គណបក្ស​ប្រជាជន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា សន្និសីទ​ទី​ក្រុងប៉ារីស​ស្ដីពី​ប្រទេស​កម្ពុជា បានបញ្ចប់​ហើយ មិនអាច​កើតឡើង​វិញ​ទេ​៕ 

ព័ត៌មានផ្សេងទៀត