រដ្ឋមន្ដ្រី​ការបរទេស​​​អាមេរិក​​​ចូលជួប​​​នាយករដ្ឋមន្ដ្រី​​​ប៉ា​គី​ស្ថាន​​​ខណៈ​​​ទំនាក់​ទំនង​ដាំក្បាលចុះ

05-09-2018 4:46 pm 774
  ស្តាប់
​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ
ស្តាប់ជាសំឡេង

​យន្ដហោះ​ដឹក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​ចុះចត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​០៥​កញ្ញា​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី ខណៈ​ប្រទេស​ទាំងពីរ​កំពុង​មានភាព​តានតឹ​ង​ជាមួយគ្នា​។ តាមពិត​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោ​កផុម​ភី​អូ គឺ​ទៅកាន់​ប្រទេស​ឥណ្ឌា​ទេ ប៉ុន្ដែ​លោក​ឆ្លៀត​ឈប់​នៅ​ប៉ា​គី​ស្ថាន ដើម្បី​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​មួយចំនួន​។ លោក​ផុម​ភី​អូនឹ​ង​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​ថ្មី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន និង​ជួប​ជាមួយ​ប្រមុខ​កងទ័ព​ប៉ា​គី​ស្ថាន​ផងដែរ​។​

​ចំណែក​រដ្ឋមន្ដ្រីការបរទេស​ប៉ា​គី​ស្ថាន​បានឲ្យដឹងថា លោក​នឹង​ជួប​ជាមួយ​លោក​ផុម​ភី​អូ ដើម្បី​ពិភាក្សា​ពី​ការ​ផ្ដាច់ជំនួយ​ចំនួន​៣០០​លាន​ដុល្លារ​របស់​អាមេរិក​ក្នុងពេល​ថ្មីៗ​។ អាមេរិក​បាន​ដក​ប្រាក់​ជំនួយ​ផ្ដល់​ទៅ​ប៉ា​គី​ស្ថាន ប្រមាណ​៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំនេះ​។ លោក​ផុម​ភី​អូនឹ​ង​ពិភាក្សា​ពី​ការស្វែងរក​វិធីសាស្ដ្រ កាត់បន្ថយ​សម្ពាធ​រូបិយប័ណ្ណ និង​បញ្ចៀស​វិបត្ដិ​សេដ្ឋកិច្ច​ផងដែរ​។​

​ទំនាក់ទំនង​រវាង​អាមេរិក​និង​ប៉ា​គី​ស្ថាន បាន​តានតឹង​នឹង​គ្នា​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​ថា បាន​ជួយ​ដល់​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​ជួយ​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត បើក​ការវាយប្រហារ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ដោយសារ​បញ្ហា​នេះហើយ ទើប​អាមេរិក​ប្រកាស​ផ្ដាច់ជំនួយ​ដល់​ប៉ា​គី​ស្ថាន ប៉ុន្ដែ​ប៉ា​គី​ស្ថាន​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​។ 

​សូមបញ្ជាក់ថា ចាកចេញ​ពី​ប៉ា​គី​ស្ថាន​លោក​ផុម​ភី​អូ​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា​។ នៅ​ឥណ្ឌា​លោក​នឹង​ពិភាក្សា​ពី​ការ​រឹត​ចំណងមិត្ដភាព ពិភាក្សា​ពី​ទណ្ឌកម្ម​ដែល​អាមេរិក​ទើប​ដាក់​លើ​អ៊ីរ៉ង់​និង​រុស្ស៊ី ព្រោះ​ឥណ្ឌា​គឺជា​សម្ព័ន្ធមិត្ដ​រុស្ស៊ី​និង​អ៊ីរ៉ង់​។ ក្រៅពី​រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស នឹង​ជួប​ជាមួយ​មន្ដ្រី​ឥណ្ឌា​ផងដែរ​នៅ​ថ្ងៃទី​០៦​កញ្ញា​នេះ ពិភាក្សា​ពី​ការបញ្ចប់​កិច្ចព្រមព្រៀង​ការពារជាតិ​រួមគ្នា ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ដែល​កំពុង​កើនឡើង​៕

ព័ត៌មានផ្សេងទៀត