យន្ដហោះដឹករដ្ឋមន្ដ្រីការបរទេសអាមេរិកលោកម៉ៃ ផុមភីអូ បានចុះចតនៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃទី០៥កញ្ញានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងជាមួយគ្នា។ តាមពិតដំណើរទស្សនកិច្ចផ្លូវការរបស់លោកផុមភីអូ គឺទៅកាន់ប្រទេសឥណ្ឌាទេ ប៉ុន្ដែលោកឆ្លៀតឈប់នៅប៉ាគីស្ថាន ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗមួយចំនួន។ លោកផុមភីអូនឹងជួបជាមួយនាយករដ្ឋមន្ដ្រីថ្មីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន និងជួបជាមួយប្រមុខកងទ័ពប៉ាគីស្ថានផងដែរ។
ចំណែករដ្ឋមន្ដ្រីការបរទេសប៉ាគីស្ថានបានឲ្យដឹងថា លោកនឹងជួបជាមួយលោកផុមភីអូ ដើម្បីពិភាក្សាពីការផ្ដាច់ជំនួយចំនួន៣០០លានដុល្លាររបស់អាមេរិកក្នុងពេលថ្មីៗ។ អាមេរិកបានដកប្រាក់ជំនួយផ្ដល់ទៅប៉ាគីស្ថាន ប្រមាណ៨០០លានដុល្លារក្នុងឆ្នាំនេះ។ លោកផុមភីអូនឹងពិភាក្សាពីការស្វែងរកវិធីសាស្ដ្រ កាត់បន្ថយសម្ពាធរូបិយប័ណ្ណ និងបញ្ចៀសវិបត្ដិសេដ្ឋកិច្ចផងដែរ។
ទំនាក់ទំនងរវាងអាមេរិកនិងប៉ាគីស្ថាន បានតានតឹងនឹងគ្នាខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានចោទទីក្រុងអ៊ីស្លាម៉ាបាតថា បានជួយដល់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន និងជួយក្រុមសកម្មប្រយុទ្ធផ្សេងទៀត បើកការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ដោយសារបញ្ហានេះហើយ ទើបអាមេរិកប្រកាសផ្ដាច់ជំនួយដល់ប៉ាគីស្ថាន ប៉ុន្ដែប៉ាគីស្ថានបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់។
សូមបញ្ជាក់ថា ចាកចេញពីប៉ាគីស្ថានលោកផុមភីអូនឹងធ្វើដំណើរទៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។ នៅឥណ្ឌាលោកនឹងពិភាក្សាពីការរឹតចំណងមិត្ដភាព ពិភាក្សាពីទណ្ឌកម្មដែលអាមេរិកទើបដាក់លើអ៊ីរ៉ង់និងរុស្ស៊ី ព្រោះឥណ្ឌាគឺជាសម្ព័ន្ធមិត្ដរុស្ស៊ីនិងអ៊ីរ៉ង់។ ក្រៅពីរដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីការពារជាតិអាមេរិកលោកជីម ម៉ាធីស នឹងជួបជាមួយមន្ដ្រីឥណ្ឌាផងដែរនៅថ្ងៃទី០៦កញ្ញានេះ ពិភាក្សាពីការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិរួមគ្នា ទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើង៕