នៅក្នុង​​សៀវភៅ​ថ្មី​​មួយ​បញ្ជាក់ថា​​លោក​ដូណាល់ ត្រាំ​​ចង់​សម្លាប់​​មេដឹកនាំ​ស៊ី​រី​

05-09-2018 11:30 am 1769
  ស្តាប់
លោកដូណាល់ ត្រាំ​(ឆ្វេង)​​និងលោក​អាសាដ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ចង់​សម្លាប់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​កាលពី​ឆ្នាំមុន ប៉ុន្ដែ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស មិនបាន​ធ្វើតាម​បញ្ជា​លោក​ត្រាំ​ទេ​។ នេះ​បើ​យោងតាម​សៀវភៅ​ថ្មី​មួយ​។ សៀវភៅ​ដែលមាន​ចំណងជើង​ថា “Fear: Trump in the White House” សរសេរ​ដោយ​អ្នកកាសែត​ម្នាក់​ឈ្មោះ​Bob Woodward បាន​ចេញផ្សាយ​ដោយ​កាសែត Washington Post កាលពី​ថ្ងៃ​អង្គារ​។ សៀវភៅ​ដែល​គ្រោង​បោះពុម្ពផ្សាយ​នៅ​ថ្ងៃទី​១១​កញ្ញា​នេះ ជា​ភាព​តានតឹង​ថ្មី​មួយ​ក្នុង​សេត​វិមាន ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ដូណាល់ ត្រាំ​រយៈពេល​២០​ខែ​។​

​យោងតាម​សៀវភៅ​នេះ លោក​ត្រាំ​បាន​ប្រាប់​ទៅ​លោក​ម៉ា​ធី​ស​រដ្ឋមន្ដ្រី​ការពារជាតិ​ថា លោក​ចង់ឲ្យ​លោក​អាសាដ​ប្រធានាធិបតីស៊ីរី​ស្លាប់ បន្ទាប់ពី​លោក​អាសាដ​បាន​បើក​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​លើ​ប្រជាជន កាលពី​ខែមេសា​ឆ្នាំ​២០១៧​។ លោក​ម៉ា​ធី​ស​ក៏​ប្រាប់​ទៅ​លោក​ត្រាំ​ថា​នឹង​ទទួលបាន​ដូច​ការចង់បាន ប៉ុន្ដែ​លោក​ម៉ា​ធី​សបាន​បង្កើត​ផែនការ​វាយប្រហារ​តាម​អាកាស ដែល​មិន​ប៉ះពាល់​ឬ​គំរាមកំហែង​ដល់​លោក​អាសាដ​សូម្បី​បន្ដិច​។​

​យ៉ាងណាមិញ​អ្វីដែល​បាន​រៀបរាប់​នៅក្នុង​សៀវភៅ លោក​ត្រាំ​បាន​ច្រានចោល ហើយ​ថា​ជា​សៀវភៅ​ដ៏​អាក្រក់​មួយ​។ លោក​បាន​សរសេរ​បង្ហោះ​នៅលើ​ធ្វី​ត​ទ័​រ​ថា អ្វីដែល​បានលើកឡើង​នៅក្នុង​សៀវភៅ ដោយនិយាយ​ពាក់ព័ន្ធ​រដ្ឋមន្ដ្រី​ការពារជាតិ ប្រធាន​គ្រប់គ្រង​នៅ​សេត​វិមាន និង​អ្នកដទៃ​ជាច្រើន​ទៀត គឺជា​រឿង​ក្លែងបន្លំ​។ 

​ចំពោះ​លោក​ជី​ម ម៉ា​ធី​ស​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក តាមរយៈ​សេចក្ដីថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​អង្គារ បាន​ច្រានចោល​សៀវភៅ​ដែល​ទើប​សរសេរ​នោះ​ដូចគ្នា​។ លោក​ថា​ពាក្យពេចន៍​ដែល​បាន​និយាយ​អំពី​លោក​ត្រាំ​មិន​សមរម្យ​ឡើយ​។ ការលើកឡើង​ថា​លោក​ត្រាំ​បានចេញ​បញ្ជា​ឲ្យ​លោក​សម្លាប់​លោក​អាសាដ ជា​រឿង​ដែល​មិនអាច​កើតឡើង ហើយ​សូម្បីតែ​គិត​ក៏​លោក​មិនដែល​គិត​ផង​។ សម្រាប់​អ្នកនាំពាក្យ​សេត​វិមាន ចាត់ទុក​សៀវភៅ​នេះ​គ្មានអ្វី​ច្រើនជាង​រឿង​ប្រឌិដ្ឋ​ទេ រៀបរៀងឡើង​ដោយ​អ្នក​មិន​ពេញចិត្ដ​នឹង​លោក​ប្រធានាធិបតី​៕

ព័ត៌មានផ្សេងទៀត