លោក​ខៀវ សុភ័គ​៖ គ្មាន​ឡើយការស្នើសុំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​៦

04-09-2018 6:24 pm 2031

​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ចំពោះ​ការផ្សព្វ​ផ្សាយ​ថា ក្រសួងមហាផ្ទៃ បាន​ដាក់​សំណើរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ស្នើសុំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​៦ ដែល​ត្រូវ​បំបែក​ចេញពី​ខេត្ត​ចំនួន​១០​។ 

តាមរយៈ​សេចក្តីព្រាង ដែលត្រូវបានផ្សព្វផ្សាយ បាន​បញ្ជាក់ថា ខេត្ត​ថ្មី​ចំនួន​៦​កំពុង​សិក្សា​ដើម្បី​បង្កើតឡើង ១)​ខេត្ត​មុខកំពូល (​បំបែក​ចេញពី​ខេត្ត​កណ្តាល​) មាន​ក្រុង​នាគ​រាជតេជោ ជាទី​រួម​ខេត្ត​។ ២)​ខេត្ត​នគរ​ភ្នំ (​បំបែក​ចេញពី​ខេត្ត​ព្រៃវែង​) មាន​ក្រុង​អ្នក​លឿង​។ ៣)​ខេត្ត​ឧត្តុង្គ​មានជ័យ (​បំបែក​ចេញពី​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង និង​កណ្តាល​) មាន​ក្រុង​ឧត្តុង្គ​។ ៤)​ខេត្ត​រតនមណ្ឌល (​បំបែក​ចេញពី​ខេត្ត​បាត់ដំបង​)​។ ៥)​ខេត្ត​ក្រឡាញ់ (​បំបែក​ចេញពី​ខេត្តសៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​)​។ ៦)​ខេត្ត​កោះ​ញែក (​បំបែក​ចេញពី​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​)​។ យ៉ាងណាមិញ​លោក​ខៀវ សុភ័គ បាន​អះអាង​ថា  នេះ​ជា​ព័ត៌មាន​ប្រឌិត និង​មិន​ពិត​នោះទេ​។​

សំឡេង​

​ប៉ុន្តែ​សម្រាប់​ខេត្ត​ថ្មី​២ ក្នុង​ចំណោម​ខេត្ត​ទាំង​៦​ខាងលើ ត្រូវបាន​លោក​ខៀវ សុភ័គ ទទួលស្គាល់ថា ពិតជា​មាន​សំណើរ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុំ​សិក្សា​ដើម្បី​បង្កើត​ពិតមែន​។ ខេត្ត​ថ្មី​ទាំង​២ ដែល​ស្នើ​សុំ​សិក្សា​ដើម្បី​បង្កើត​នោះ គឺ​ទី​១ នឹង​ត្រូវ​បំបែក​ចេញពី ខេត្ត​កណ្តាល និង​មួយ​ទៀត​បង្កើត​ឡើង នៅ​ចន្លោះ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី រវាង​ស្រុក​កោះ​ញែក និង​ស្រុក​លំផាត់​។​

សំឡេង​

​លោក មាស នី ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា ការបង្កើត​ខេត្ត​ថ្មី​បន្ថែម គឺជា​ការបង្កើន​បន្ទុក នៃ​ការចំណាយ​ថវិកាជាតិ ហើយ​លោក​មិន​បាន​មើលឃើញ ពី​ការបង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​សាធារណៈ​បានល្អ ជាង​មុន​នោះទេ​។  លោក មាស នី បន្ថែមថា ការបង្កើត​ខេត្ត​ថ្មី​បន្ថែមទៀត គឺជា​ការ​បង្កើន​ចំនួន​មន្ត្រីរដ្ឋបាល​កាន់តែច្រើន ក្នុង​ការបែងចែក​តួនាទី​គ្នា​តែប៉ុណ្ណោះ​។​

​សំឡេង​

តាមរយៈ​សំណើរ​ចុះ​ថ្ងៃ​ទី​២៧ សីហា លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា គោលបំណង នៃ​ការស្នើ​សុំ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​នេះ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​រដ្ឋបាល ការរក្សាសន្តិសុខ ការអភិវឌ្ឍ​មូលដ្ឋាន និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ មួយ​ថ្ងៃ​ក្រោយ​ទទួលបាន​សំណើរ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ចុះហត្ថលេខា យល់ព្រម​ផងដែរ​។​

​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គាំទ្រ​ចំពោះ​សំណើរ​នេះ ពិសេស​ផ្តោតទៅលើ​ការរក្សាសន្តិសុខ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​គិន ភា ក៏​បាន​គិត​ដល់​ការចំណាយ​ថវិកាជាតិ ទៅ​លើ​ការបង្កើត​ខេត្ត​ថ្មី​នេះ​ដែរ​។​

សំឡេង​

​សូមបញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន មាន​រាជធានី​/​ខេត្ត​សរុប​ចំនួន​២៥ ដោយ​ក្នុង​នោះ កម្ពុជា​ធ្លាប់បាន​បំបែក​ខេត្ត​ចំនួន​៣​ដង​រួចមកហើយ ចាប់តាំងពី​ក្រោយ​សម័យ​ខ្មែរក្រហម​។ ក្នុងនោះ ខេត្ត​បន្ទាយមានជ័យ បំបែក​ចេញពី​ខេត្ត​បាត់ដំបង  ខេត្ត​កែប បំបែក​ចេញពី​ខេត្ត​កំពត និង ខេត្ត​ត្បូងឃ្មុំ បំបែក​ចេញពី​ខេត្ត​កំពង់ចាម​៕

ព័ត៌មានផ្សេងទៀត