ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការបើកសម័យប្រជុំសភា ជាលើកដំបូងនីតិកាលទី៦ នៅថ្ងៃទី៥ កញ្ញា និងស្នើសុំកុំឱ្យរដ្ឋាភិបាលប្រទេសនេះ ទទួលស្គាល់ រដ្ឋាភិបាលថ្មីរបស់កម្ពុជា និងស្នើសុំកុំបញ្ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលរួមបើកសម័យប្រជុំសភា ជាលើកដំបូងនេះ។ ពីព្រោះពួកគេយល់ថា ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតក្លែងក្លាយ និងដោយគ្មានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ពួកគេក៏ចង់ឃើញរដ្ឋាភិបាលអូស្ត្រាលី មានវិធានការខ្លាំង ដូចសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការទៅលើរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនរបស់លោកហ៊ុន សែន ដូចជា ផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជាផងដែរ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន យល់ថា ការទាមទាររបស់ពលរដ្ឋខ្មែរមួយចំនួន នៅអូស្ត្រាលីនេះមិនមានឥទ្ធិពលអ្វីដល់ដំណើរប្រជុំលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦នោះទេ ហើយក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីនោះដែរ។ ចំណែកឯការចូលរួម ឬមិនចូលរួមរបស់អគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក្នុងកិច្ចប្រជុំសភាលើកដំដូង លោកផៃ ស៊ីផាន យល់ថា គឺជាការសម្រេចចិត្តរបស់ភ្ញៀវតែប៉ុណ្ណោះ ព្រោះសភាកម្ពុជានៅតែបន្តកិច្ចប្រជុំ និងបន្តភាពស្របច្បាប់របស់ខ្លួនដដែល។
សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៦ នឹងបើកសម័យប្រជុំដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ក្រោមព្រះរាជាធិបតីភាពរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ប៉ុន្តែមុនការប្រជុំមកដល់ ឯកអគ្គរដ្ឋទូតអាមេរិក លោកWilliam Heidt និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា លោក George Edgar នឹងមិនចូលរួមការប្រជុំលើកដំបូងនេះទេ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅមិនទាន់ដឹងថា ចូលឬមិនចូលនៅឡើយទេ៕