លោក​ត្រាំ​ព្រមាន​ស៊ី​រី​,រុស្ស៊ី​និង​អ៊ីរ៉ង់ដែល​ត្រៀម​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​នៅ​Idlib

04-09-2018 11:07 am 1278
ក្រុមឧទ្ទាមនៅIdlib​ប្រទេស​ស៊ី​រី

​រដ្ឋាភិបាល​ស៊ី​រី​និយាយថា ខ្លួន​កំពុង​រៀបចំ​បើក​ប្រតិបត្តិ​ការវាយលុក​ទ្រង់ទ្រាយ​ធំ លើ​ទីតាំង​ដ៏​រឹងមាំ​ចុងក្រោយ របស់​ក្រុម​ឧទ្ទាម​ស្ថិតនៅក្នុង​ខេត្ត Idlib​ប្រទេស​ស៊ី​រី​។ យោងតាម​ការសន្និដ្ឋាន របស់​អង្គការសហប្រជាជាតិ​ថា នៅក្នុង​ខេត្ត​Idlib មាន​ក្រុម​សកម្ម​ប្រយុទ្ធ al-Nusra និង al-Qaeda ប្រមាណ​១​ម៉ឺន​នាក់​រស់នៅ​។ ការ​វាយ​បំបែកសំបុក​ក្រុម​ឧទ្ទាម​នេះ នឹងមាន​ការចូលរួម​ពី​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី គឺ​រុស្ស៊ី​និង​អ៊ីរ៉ង់​ផងដែរ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​សង្កត់ធ្ងន់ថា ក្រុម​សកម្មប្រយុទ្ធ​ដែល​សេសសល់​នៅ​ខេត្ត Idlib​ត្រូវតែ​កម្ចាត់​ចោល​។​

​ប៉ុន្តែ លោក​ត្រាំ​បាន​ព្រមាន​ទុក​មុន​ថា ប្រធានាធិបតី​ស៊ី​រី លោក​បា​សា អាល​អាសាត​មិន​ត្រូវធ្វើ​សកម្មភាព ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​ខេត្ត Idlib នោះទេ​។ រុស្ស៊ី​និង​អ៊ីរ៉ង់​នឹង​ធ្វើឲ្យមាន​កំហុស​មនុស្សធម៌​ធ្ងន់ធ្ងរ ដោយសារ​ចូលរួម​បង្កើតឲ្យមាន​សោកនាដ​កម្មនេះ​។ លោក​ថា មនុស្ស​រាប់រយ​នាក់​អាច​នឹងត្រូវ​បានសម្លាប់​។ សូម​កុំឲ្យ​រឿងនោះ​កើតឡើង​! នេះ​ជា​ការលើកឡើង​លើ​ទំព័រ tweet របស់លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​។ 

​ចំណែក អង្គការសហប្រជាជាតិ​និយាយថា យុទ្ធនាការ​នេះ អាច​បង្ក​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល​រាប់ពាន់នាក់​។ បេសកជន​ពិសេស អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី លោក​Staffan de Mistura និយាយថា ជា​ការពិត​ក្រុម​សកម្មប្រយុទ្ធ​ត្រូវតែ​កម្ចាត់ ប៉ុន្តែ​មិនមែន​យក​ជីវិត​ជន​ស៊ីវិល​ទៅ​ដោះដូរ​នោះទេ​។ 

​ការព្រមាន​ពី​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល ព្រោះតែ​នៅក្នុង​តំបន់​នេះ មាន​ក្រុម​អ្នកស្រុក​រស់នៅ​ច្រើន ហើយ​ប្រសិនបើ​មាន​ការវាយលុក​ណាមួយ ពួក​ឧទ្ទាម​នឹង​ចាប់​ប្រជាជន​ធ្វើជា​ខែល​ការពារ​ពួគេ ដល់​ពេលនោះ មិនមែន​ស្លាប់​តែ​ក្រុម​ឧទ្ទាម​នោះទេ គឺ​ស្លាប់​ទាំង​ជន​ស៊ីវិល​ដែរ​។ ម្យ៉ាងទៀត គេ​បារម្ភ​ថា នឹងមាន​ការប្រើប្រាស់​អាវុធ​គីមី អំឡុងពេល​ប្រយុទ្ធ​គ្នា រវាង​កងទ័ព​រដ្ឋាភិបាល​និង​សម្ព័ន្ធមិត្ត​ជា​មួយក្រុម​ឧទ្ទាម ដែល​គ្រោង​ធ្វើ​នៅ​ពេលខាងមុខ​នោះ​។ ឥទ្ធិពល​អាវុធ​គី​មីនេះ មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​សារធាតុគីមី អាច​ជ្រាប​ចូលក្នុង​ខ្លួន​មនុស្ស​តាម​ស្បែក និង​តាម​ផ្លូវដង្ហើម ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​។​

​លោក​Staffan de Mistura ថា បើសិនជា​ចង់​ធ្វើបែបនេះ គួររៀបចំ​ឲ្យមាន​ច្រករបៀង​មនុស្សធម៌ ដើម្បី​ជម្លៀស​ជន​ស៊ីវិល ទៅកាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សិន មុន​បើក​ការវាយលុក​។ យ៉ាងណា អង្គការសហប្រជាជាតិ​នៅតែ​បារម្ភ ពី​ជីវិត​ជន​ស៊ីវិល ព្រោះតែ​មាន​មេរៀន​រួចទៅហើយ កាលពី​ការវាយរំដោះ​ក្រុង​អាឡេ​ប៉ូ ក្រុង​រ៉ា​ហ្វា ឬ​តំបន់​ហ្គូ​តា​ភាគ​ខាងកើត​កន្លងមក សុទ្ធតែ​បណ្តាលឲ្យ​ស្លាប់​ជន​ស៊ីវិល​៕

ព័ត៌មានផ្សេងទៀត