លោក​ហ៊ុន សែន​​ប្រតិកម្ម​នឹង​​លោក​មាស នី ​ដែល​ចង់ឲ្យ​មាន​ការចរចា​ ជាមួយ​​សម រង្ស៊ី​​

03-09-2018 3:45 pm 8195
  ស្តាប់
លោកមាស នី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ស្តាប់ជាសំឡេង

​កាលពី​ថ្ងៃទី​០២ កញ្ញា អ្នកវិភាគ​នយោបាយ​លោក​មាស នី បានបង្ហាញ​នូវ​បំណង​របស់ខ្លួន ចង់ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ ដែល​កំពុងមាន​ជម្លោះ​នឹង​គ្នា ជួបគ្នា​រក​ដំណោះស្រាយ​ឡើងវិញ​។ លោក​មាស នី បង្ហាញ​ជំនឿ​ថា មេដឹកនាំ​នយោបាយ​ខ្មែរ គឺ​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី នៅតែមាន​ចេតនា​ក្នុង​ការយក​ប្រយោជន៍​ជាតិ​យកមក​ដាក់​ជាធំ ហើយ​រក​ឱកាស​ក្នុង​ការធ្វើការ​ជាមួយគ្នា​។​

​លោក​មាស នីថា ឱកាសល្អ​សម្រាប់​មេដឹកនាំ​បក្ស​កាន់អំណាច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​មេ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​ជួបគ្នា​រក​ដំណោះស្រាយ​នយោបាយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រីករាយ​សាទ​រគឺការ​ជួបគ្នា ដោយមាន​ការសម្របសម្រួល​ពី​អន្តរជាតិ នៅលើ​ទឹកដី​អាមេរិក ឬ​អឺរ៉ុប​ស្របពេល​ពួកគេ​មាន​វត្តមាន​នៅ​ទីនោះ​អំឡុង​ខែ​នេះ ឬ​ខែក្រោយ​។​

ប៉ុន្តែ ១​ថ្ងៃក្រោយ​ការលើកឡើង​របស់លោក​មាស នី បែបនេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញមក​ប្រតិកម្ម​តប តាមរយៈ​កិច្ចសម្ភាសន៍ ផ្តាច់មុខ​ជាមួយ​អង្គភាព​ព័ត៌មាន​Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​។ លោក​ហ៊ុន សែន បញ្ជាក់ថា គ្មាន​ការចរចា​ណាមួយ​រវាង​លោក និង​លោក​សម រង្ស៊ី នោះឡើយ ហើយ​កម្ពុជា​ក៏​គ្មាន​វិបត្តិ​នយោបាយ ដូច​ការវិភាគ​របស់​លោក មាស នី នោះដែរ​។​

​លោក​ហ៊ុន សែន បាន​ហៅ​ការវិភាគ​របស់​លោកមា​ស នី ថា​«​ឆ្កួត​»​។ លោក​ថា​«​មាស នី បើ​ឆ្កួត ឆ្កួត​តែឯង​ទៅ កុំមក​នាំ​គេ​ឆ្កួត​ជាមួយ​។​លោក​បាន​ផ្តាំ​ទៅ លោក​មាស នី ឲ្យ​ឈប់​ធ្វើ​ការវិភាគ​ទៀត បើ​មិន​យល់​ពី​បញ្ហានយោបាយ​ទេនោះ​។ 

​ប្រតិកម្ម​របស់លោក​ហ៊ុន សែន ចំពោះ​លោក​មាស នី មិនមែនជា​លើក​ទី​១​នោះទេ​។​កន្លងមក​អ្នកវិភាគ​នយោបាយ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​នៅ​កម្ពុជា​រូបនេះ ត្រូវបាន​ទទួលរង​នូវ​ប្រតិកម្ម​យ៉ាង​ចាស់ដៃ ពី​លោក​ហ៊ុន សែន ម្តង​រួចមកហើយ បន្ទាប់ពី លោក​ថ្លែងប្រាប់​កាសែត Cambodia Daily ដែលមាន​ជំហរ​គាំទ្រ​បក្សប្រឆាំង កាលពី​អំឡុង​ដើមឆ្នាំ​២០១៧​ថា ការរារាំង​មិនឲ្យ​រដ្ឋមន្ត្រី​មក​ឆ្លើយបំភ្លឺ​នៅក្នុង​រដ្ឋសភា ពី​សំណាក់​លោក​ហ៊ុន សែន គឺជា​ការរំលោភបំពាន លើ​រដ្ឋធម្មនុញ្ញ​ច្បាស់ក្រឡែត ពិសេស​នៅត្រង់ មាត្រា​៩៧ ដែល​ចែងថា «​គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​អាច​អញ្ជើញ រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់ខ្លួន​»​។​

​កាលនោះ លោក ហ៊ុន សែន​បាន​ចំអក​ឲ្យ​លោក​បណ្ឌិត​មាស នី ថា បើ​ដឹង​មិន​ច្បាស់​ទេ កុំ​បញ្ចេញមតិ​។​លោក​ថែមទាំង​បាន​ហៅ​លោក​មាស នី ថា​ជា​លោក​បណ្ឌិត​គ្មាន​ដឹង​ខ្យល់​អ្វី និង​ជ្រើម​នូវ​អ្វីដែល​គេ​ហៅថា​បណ្ឌិត ទៀតផង​។ ប៉ុន្តែ ការ​នេះ មិនបាន​ឲ្យ​លោកមាស នី បាក់ស្រុត ក្នុង​ការវិភាគ ពី​បញ្ហានយោបាយ​នៅ​កម្ពុជា​ឡើយ​។​

​សូមបញ្ជាក់ថា នៅក្នុង​ខែកញ្ញា និង​ខែតុលា​ខាងមុខនេះ លោក​ហ៊ុន សែន នឹងមាន​ភារកិច្ច​ជាច្រើន​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​មួយចំនួនទៀត​អឺរ៉ុប​ផងដែរ​។ តាមរយៈ​កិច្ចប្រជុំ​នេះហើយ ដែល​ធ្វើឲ្យ​លោកមាស នី ចេញមក​វិភាគ​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក ពី​លទ្ធភាព នាំឲ្យមាន​ការចរចា​រឿង​នយោបា​យ​ណាមួយ​ជាមួយ​មេដឹកនាំ​ក្រុម​ប្រឆាំង ក្នុងអំឡុង​ទៅកាន់​ក្រៅប្រទេស​នោះ​៕

 ពាក្យគន្លឹះ  លោកមាសនីលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត