តុលាការ​កោះហៅ​លោក​គឹម សុខ​ចូលខ្លួន​ ខណៈ​កំពុង​សំងំ​លាក់ខ្លួន​ជាសម្ងាត់​

03-09-2018 3:21 pm 2802
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​ទើប​នឹង​ត្រូវ​បាន​ដោះលែង កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ត្រូវបាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខ ។ ដីកា​បង្គាប់​ដែល​ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​បញ្ជាក់ថា ក្នុង​ករណី​លោក គឹម សុខ មិន​ចូល​ខ្លួន​តាម​ការកំណត់​ខាងលើ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ...

​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម​នៅ​កម្ពុជា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ចូល​ខ្លួន នៅ​បន្ទប់​«​ឈ​» នា​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក ។ នេះ​បើ​តាម​ដីកា​បង្គាប់ ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ។​

​ការកោះហៅ​ឱ្យ​ចូល​ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​សាកសួរ​យក​ចម្លើយ ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ក្នុង​ដីកា​កោះហៅ​ដដែល​បញ្ជាក់​ថា ក្នុងករណី លោក គឹម សុខ មិន​ចូល​ខ្លួន​តាម​ការកំណត់​ខាងលើ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ។​

​យ៉ាងណាក៏ដោយ នា​ពេល​ថ្មីៗ​នេះ លោក គឹម សុខ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក​និង​កូនស្រី​ដែល​មាន​អាយុ​ទើបតែ​៦​ឆ្នាំ កំពុង​លាក់ខ្លួន​ជាសម្ងាត់ ព្រោះ​មាន​ការ​គំរាម​ធ្ងន់ៗ​លើ​រូប​លោក និង​កូនស្រី​ទាំង​ជា​សាធារណៈ និង​សម្ងាត់ ។

​កាលពី​អំឡុង​ចុង​ខែ​សីហា ឆ្នាំ​២០១៨ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា នឹង​ប្តឹង​អ្នកវិភាគ​សង្គម លោក គឹម សុខ ដាក់​ពន្ធនាគារ​វិញ ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិនបើ​មិន​សង​ប្រាក់​សំណង​៨០០​លាន​រៀល ស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្រង់​សម្តី​ដោយ​សារព័ត៌មាន​ហ្វ្រេ​សញូយ៍ បានឱ្យដឹងថា លោក គឹម សុខ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង ខណៈ​បច្ចុប្បន្ន សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​តាម​ស្វែងរក​លោក គឹម សុខ ៕

ព័ត៌មានផ្សេងទៀត