តុលាការ​មី​យ៉ាន់​ម៉ា កាត់ទោស​អ្នកកាសែត​របស់​រ៉​យ​ទ័រ​២​នាក់ ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​

03-09-2018 12:07 pm 796
លោកKyaw Soe Ooនៅខាងឆ្វេងលោកWa Lone​

​លោក​Wa Lone​អាយុ​៣២​ឆ្នាំ និង​លោក Kyaw Soe Oo​អាយុ​២៨​ឆ្នាំ ជនជាតិ​មី​យ៉ាន់​ម៉ា ជា​អ្នកកាសែត​បម្រើ​ការងារ​នៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ ត្រូវបាន​តុលាការ​ប្រកាស​សាលក្រម ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ ពីបទ​រំលោភ​កិច្ចការ​សម្ងាត់​របស់​រដ្ឋ បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ក្រោយ​ការប្រកាស​សាលក្រម លោក Wa Lone​អ្នកកាសែត​ម្នាក់ ក្នុងចំណោម​២​នាក់ និយាយថា គាត់​មិនមាន​ការភ័យខ្លាច​ឡើយ និង​នៅតែ​អះអាងថា គាត់​មិន​បានធ្វើ​អ្វី​ខុស​ទេ​។ 

​សាលក្រម​នេះ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​ក្រុម​អ្នកសង្កេតការណ៍​និង​ក្រុម​សិទ្ធិមនុស្ស​។ លោក​Brad Adams នាយក​អង្គការ​Human Rights Watch និយាយថា ការផ្តន្ទាទោស​នេះ ធ្វើឡើង​ដើម្បី​កាត់បន្ថយ​អ្នក​ដែល​រាយការណ៍ អំពី អំពើ​ឃោរឃៅ​របស់​យោធា​។ ចំណែក​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា លោក​Dan Chugg​បាន​សម្តែង​នូវ​ការខកចិត្ត ចំពោះ​សាលក្រម​ផ្តន្ទាទោស​អ្នកកាសែត ដែល​បម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​របស់​អង់គ្លេស​។ អាមេរិក​បាន​រិះគន់​ចំពោះ​សាលក្រម​នេះ មិន​ខុសពី​អង់គ្លេស​ដែរ ខណៈ​អ្នកសម្របសម្រួល​ផ្នែក​មនុស្សធម៌​អង្គការសហប្រជាជាតិ ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​លោក Knut Ostby បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកកាសែត ហើយ​ថា សេរីភាព​សារព័ត៌មាន គឺ​ចាំបាច់​សម្រាប់​សន្តិភាព យុត្តិធម៌ និង​សិទ្ធិមនុស្ស​។ 

​គួរ​ជម្រាបជូន​ថា លោក​Wa Lone និង​លោក Kyaw Soe Oo ប្រមូលបាន​ភស្តុតាង ពាក់ព័ន្ធ​នឹង​ការសម្លាប់​បុរស​ចំនួន​១០​នាក់ ដោយ​ពួកយោធា​មី​យ៉ាន់​ម៉ា នៅ​ក្នុងភូមិ​Inn Din​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​រ៉ាក់ឃី​ន​។ ក្រោយមក​ពួកគេ​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ បន្ទាប់ពី​រកឃើញ​ឯកសារ​សម្ងាត់ នៅក្នុង​ដៃ​របស់​ពួកគេ និយាយ​ពី​ប្រតិបត្តិការ​របស់​កងទ័ព​នៅក្នុង​រដ្ឋ​រ៉ាក់​ឃីន​។ 

​យ៉ាងណាក៏ដោយ យោងតាម​របាយការណ៍ ដែល​អ្នកសារព័ត៌មាន​រ៉​យ​ទ័រ​ផ្ញើជូន​តុលាការ ឲ្យដឹងថា ឯកសារ​ដែល​ពួកគេ​កាន់​នៅក្នុង​ដៃ មិនមែន​ពួកគេ​ទៅ​លួច​យក​មកពីណា​នោះទេ​។ ប៉ុន្តែ​មាន​ប៉ូលិស​២​នាក់ បានប្រគល់​ឯកសារ​ទាំងនេះ ឲ្យ​ពួកគេ​នៅក្នុង​ភោជនីយដ្ឋាន​មួយ ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​យ៉ង់​ហ្គោន ហើយ​ភ្លាមៗ​ស្រាប់តែ​មាន​ប៉ូលិស​មួយក្រុម​ផ្សេងទៀត មក​ឆែកឆេរ​ចាប់ខ្លួន​ពួកគេ​នៅ​ថ្ងៃទី​១២​ខេ​ធ្នូ​តែម្តង​។ ព្រឹត្តិការណ៍​នេះ អ្នកកាសែត​ទាំងពីរ​លើកឡើងថា ជា​ការរៀបចំ​ផែនការ​ដោយ​ប៉ូលិស ដើម្បី​ចាប់ខ្លួន​ពួកគេ​៕

ព័ត៌មានផ្សេងទៀត