លោក មា​ជ សុវណ្ណារ៉ា សាង​ផ្នួស ខណៈ​លោក ​គឹម សុខ ភៀសខ្លួន​ទៅ​ក្រៅប្រទេស​

02-09-2018 3:00 pm 6152
  ស្តាប់
លោក មា​ជ សុវណ្ណារ៉ា អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពិធីសាងផ្នួស។ រូបថត៖ ហ្វេសប៊ុក
ស្តាប់ជាសំឡេង

លោក មា​ជ សុវណ្ណារ៉ា អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ថ្មីៗ​នេះ បាន​ទៅ​សាង​ផ្នួស​នៅឯ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ដោយឡែក​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ ដែល​ទើប​ចេញ​ពន្ធា​គារ​ដែរនោះ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ហើយ ក្រោយ​លោក​នាយករដ្ឋមន្ត្រី គំរាម​ចាប់​ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​ព្រម​បង់​សំណង​៨០០​លាន​រៀល​។

លោក មា​ជ សុវណ្ណារ៉ា ទើប​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស ស្រប​តាម​ការស្នើសុំ​របស់​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​។ លោក​ត្រូវបាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​៤​ឆ្នាំ​នៅក្នុង​ពន្ធនាគារ​ក្រោយ​ត្រូវបាន​ផ្ដន្ទាទោស​ពាក់ព័ន្ធ នឹង​ការដឹកនាំ​ធ្វើ​បាតុកម្ម​ដែល​ផ្ទុះ​ជា​ហិង្សារ​នៅ​ស្ពាន​នាគ​កាលពី​ឆ្នាំ​២០១៤​។​

ត្រឹម​ប៉ុន្មាន​ថ្ងៃក្រោយ​ការដោះលែង លោកមា​ជ សុវណ្ណារ៉ា បាន​សម្រេច​ទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ដំណាក់ ក្នុង​ទឹកដី​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ មា​ជ សុវណ្ណារ៉ា បាន​បង្ហោះ​រូបភាព​សាង​ផ្នួស អម​ដោយ​សារ​ខ្លី​ថា គោលដៅ​សាង​ផ្នួស​របស់​លោក​គឺ ដើម្បី​បិណ្ឌបាត បញ្ចប់​ហិង្សា​នយោបាយ​បញ្ជ្រាប​មេត្តាធម៌ ដោយ​បញ្ឈប់​នូវ​វប្បធម៌​គំរាម សម្លាប់​-​ចាប់​ដាក់គុក​និង​រត់ចោលស្រុក​ជាដើម​។​

​នៅពេល​ជាមួយគ្នា​នេះ លោក​គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ដោយសារតែ​ការចោទប្រកាន់​គណបក្ស​ប្រជាជន ថា​នៅ​ពីក្រោយ​ការសម្លាប់​លោក កែម ឡី ក៏​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាមួយ​កូនស្រី​របស់​លោក​ផងដែរ​។​

​លេខ​ទូរស័ព្ទ​របស់​លោក​កឹម សុខ​ពុំ​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញានេះ ខណៈ​ដែល​សារព័ត៌មាន​អន​ឡាញ​មួយចំនួន បាន​អះអាង​ថា លោក​កឹម សុខ និង​កូនស្រី​អាយុ​៦​ឆ្នាំ បាន​ភៀសខ្លួន​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព នៅ​ក្រៅប្រទេស​ហើយ​។​

​ព័ត៌មាន​នៃ​ការ​ភៀសខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​លោក​គឹម សុខ សង​សំណង​តាម​ការបង្គាប់​របស់​តុលាការ​ចំនួន​៨០០​លាន​រៀល បើ​មិន​ដូច្នេះ​ទេ​លោក កឹម សុខ នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​វិញ​។​

​កាលពី​ថ្ងៃ​ទី​២៩​ខែសីហា​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​អ្នក​ដែល​ត្រូវបាន​លើកលែង​ទោស សំណង​មិន​តម្រូវ​ឲ្យ​សង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​អ្នក​រួច​ទោស​ដោយសា​សាលក្រម​ផុត​រលត់ ត្រូវតែ​សង​លុយ​ជំពាក់​គេ​។ អ៊ីចឹង អ្នក​ដែល​រួច​ទោស​បែប​នេះ គណបក្ស​ប្រជាជន​ត្រូវ​គេ​ជំពាក់​លុយ ៨០០​លាន​រៀល​។ អ៊ីចឹង​ត្រូវ​រក​លុយ​សង បើ​មិន​សង​ទេ​អ្នក​ឯង​ប្រហែលជា​ត្រូវ​ចូល​គុក​វិញ​»​។​

​ជា​ការកត់សម្គាល់ ការព្រមាន​ពី​លោក​ហ៊ុន សែន បែបនេះ ធ្វើឡើង​ខណៈ​លោក ​គឹម សុខ ចេញពី​គុក​ភ្លាម ហាក់​មិន​បន្ថយ​ការរិះគន់​របស់ខ្លួន​មកលើ​រដ្ឋាភិបាល​សោះ​ឡើយ​។ លោក​នៅតែ​និយាយ​បែប​បញ្ឆិតបញ្ឆៀង ទៅលើ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​, រិះគន់​លើ​តួលេខ​នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតជាដើម​។​

ជាការឆ្លើយ​តប​វិញ ​លោក​គឹម សុខ ​អះអាង​ថា លោក​គ្មាន​លុយ​សង​លោក​ហ៊ុន សែន នោះទេ លោក​មាន​តែ​បេះដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ​។ ប្រសិន​បើ​លោក​ហ៊ុន សែន​ចង់បាន​បេះដូង​របស់​លោក​គឺមាន​តែ​បញ្ជា​ឲ្យ​សភា​ឯក​បក្ស​ថ្មី​ធ្វើ​ច្បាប់​ថ្មី​មួយ​ដើម្បី​វះកាត់​យក​បេះដូង​របស់​លោក​ទៅ​។​

​ឆ្លើយ​បែប​សឿង​បឿង ទៅ​លើ​ក​ហ៊ុន សែន ក៏ពិតមែន ប៉ុន្តែ​ទីបំផុត​លោក​គឹម សុខ ពេលនេះ មិន​មាន​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ គឺ​លោក​បាន​នាំ​កូនស្រី​អាយុ​៦​ឆ្នាំ ចាកចេញ​ពី​កម្ពុជា​តាំងពី​ថ្ងៃ​ទី​០១ កញ្ញា ម្លេះ​។ ​ពេល​ចេញពី​ពន្ធនាគារ​ភ្លាម កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ លោក​គឹម សុខ និយាយថា នៅ​តែ​រក្សា​ជំហរ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​។ ឯ​លោកមា​ជ សុវណ្ណារ៉ា ក៏​ប្រកាស​ថា នឹង​បន្ត​មាគ៌ា​នយោបាយ ជា​បន្ត​ទៀត ពីព្រោះ​លោក​ជាប់​គុក​ដោយសា​រ​បញ្ហានយោបាយ​។ ​ដូច្នេះ លោក​ត្រូវ​បន្ត​ធ្វើ​នយោបាយ​  ប៉ុន្តែ​ពេលនេះ លោក​បែរជា​សាង​ផ្នួស​ទៅវិញ​៕


ព័ត៌មានផ្សេងទៀត