ផ្តាច់​ជំនួយ​៖ប៉ាឡេ​ស្ទីន​ថា​រដ្ឋបាល​លោកត្រាំគ្មាន​មេត្តា​និង​គ្មាន​ការទទួលខុសត្រូវ​

02-09-2018 2:22 pm 801
ក្មេងៗជនភៀសខ្លួនរស់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងតំបន់កាហ្សាកាលពីខែមករាឆ្នាំ២០១៨

​លោកស្រី​Hanan Ashrawi មន្ត្រី​ប៉ាឡេ​ស្ទីន និយាយថា ជនភៀសខ្លួន​ប៉ាឡេ​ស្ទីន បាន​ក្លាយជា​ជនរងគ្រោះ​រួចទៅហើយ បន្ទាប់ពី​បាន​បាត់បង់​ផ្ទះសម្បែង ដែល​នេះ​ជា​លទ្ធផល​សាង​ឡើង​ដោយ​អ៊ីស្រាអែល​។ ដូច្នេះ នៅពេលដែល​ជនភៀសខ្លួន​ភាគច្រើន​រស់នៅ​ពឹង​លើ ជំនួយ​ពី​បរទេស ហើយ​ត្រូវ​អាមេរិក​ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​បំផុត កាត់ផ្តាច់​ប្រាក់​វិភាគទាន​បែបនេះ នឹង​ធ្វើឲ្យ​ពួកគេ​កាន់តែ​លំបាក ឬ​ក្លាយជា​ជនរងគ្រោះ​មួយ​ជាន់​ទៀត ព្រោះតែ​ត្រូវ​អាមេរិក​បោះបង់ចោល​។ លោកស្រី​Hanan Ashrawi ថា​រដ្ឋ​បាល​លោក​ត្រាំ​ គឺគ្មាន​ក្តីមេត្តា និង​គ្មាន​ការទទួលខុសត្រូវ​។​

​លោក​ត្រាំ​បានប្រកាស​បង្កក​វិភាគទាន​ឲ្យទៅ​ភ្នាក់ងារ NRWA​ចំនួន ៣០០ លាន​ដុល្លារ​កាលពី​ខែ​មករា​។ តែ​កាលពី​ថ្ងៃទី​៣១​ខែ​សីហា គឺ​អាមេរិក​ប្រកាស​ឈប់​ផ្តល់ជំនួយ​នេះ​តែម្តង ដោយសារ​ការ​បំពេញការងា​រ​របស់​ភ្នាក់ងារ​នេះ មាន​ភាពមិនច្បាស់លាស់​លើ​ការចំណាយ​និង​កំហុស​ផ្សេងទៀត​។  

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ាឡេ​ស្ទីន ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៩ បាន​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​រួចទៅហើយ ចាប់តាំងពី​អាមេរិក​បង្កក​ជំនួយ​មក​។ ភ្នាក់ងារ UNRWA ដែលមាន​ជនភៀសខ្លួន​ប៉ាឡេ​ស្ទីន​ជាង​៥​លាន​នាក់ និយាយ​ដោយ​អ​ស់សង្ឃឹមថា ភ្នាក់ងារ​មួយ​នេះ ប្រឈម​នឹង​ការបិទទ្វារ​សាលារៀន និង​សេវា​សុខាភិបាល ព្រោះតែ​ជួបប្រទះ​កង្វះខាត​ថវិកា​ទ្រទ្រង់​។ បិទ​សាលារៀន​ដែលជា​ថ្នាល​បណ្តុះ​ចំណេះដឹង នឹង​ធ្វើឲ្យប៉ះពាល់​ដល់​អនាគត​ក្មេងៗ​ជនភៀសខ្លួន​ជាច្រើន​នាក់​។ លោក​Chris Gunness អ្នកនាំពាក្យ​នៃ​ភ្នាក់ងារ UNRWA បាន​ព្រមាន​ពី​ផល​លំបាក​ធ្ងន់ធ្ងរ ដែល​មិនអាច​ទាយ​ទុក​មុន​បាន​។​

​ភ្នាក់ងារ UNRWA​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារសប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​។ ឆ្លើយតប​នឹង​បញ្ហា​ចំពោះមុខ ហ្ស៊កដានី​ដែលជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​អារ៉ាប់​ពីរ ដែល​បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​សន្តិភាព​ជា​មួយ​អ៊ីស្រាអែល បានប្រកាស​ពី​ផែនការ​រៃអង្គាសប្រាក់ ដើម្បី​ប្រមូល​ថវិកា​មក​គាំទ្រ​ដល់​ភ្នាក់ងារ UNRWA​។ ព្រឹត្តិការណ៍​រៃអង្គាស​នេះ គ្រោង​ធ្វើ​នៅ​អំឡុងពេល​អង្គការសហប្រជាជាតិ រៀបចំ​មហាសន្និបាត​ក្នុង​ក្រុង​ញូវយ៉ក​នា​ចុង​ខែកញ្ញា​ខាងមុខ។ ចំណែក​មេដឹកនាំ​ប៉ាឡេ​ស្ទីន​លោក Mahmud Abbas កំពុង​ពិចារណា ដើម្បី​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ តវ៉ា​ទៅ​អាមេរិក ចំពោះ​ការសម្រេច​ឈប់​ផ្តល់​វិភាគទាន ជួយ​ទ្រទ្រង់​ដល់ UNRWA៕

ព័ត៌មានផ្សេងទៀត