ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិតយ៉ង សាំងកុមារ មកដល់ពេលនេះគណបក្សលោក នៅមិនទាន់សម្រេចចិត្តថាចូលរួម ឬមិនចូលរួម ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ របស់រដ្ឋាភិបាលអាណត្តិទី៦នេះនៅឡើយទេ។តែក្រុមលោកព្យាយាមបង្ហាញកិច្ចពិពណ៌នាការងារ ដែលបញ្ជាក់ពីគោលបំណង និងដំណើរការច្បាស់លាស់(TOR) ដូចជាចង់បានស្ថាប័ននេះឯករាជ្យ មិនស្ថិតក្រោមរដ្ឋាភិបាល មិនត្រូវមានតំណែងតួនាទី ឬប្រាក់ខែ និងមិនចាំបាច់ មានការយល់ព្រមពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជូនតំណាងរបស់ខ្លួនទៅចូលក្នុងក្រុមប្រឹក្សា ជាដើម។ ប៉ុន្តែ ក្រុមលោកមិនរំពឹងថា រដ្ឋាភិបាលយល់ព្រមតាមការចង់បាននោះទេ ហើយបើរដ្ឋាភិបាលមិនយល់ព្រម ក៏ក្រុមលោកប្រហែលនឹងមិនចូលរួមដែរ។
ស្របពេល មិនរំពឹងថា រដ្ឋាភិបាល យល់ព្រមលើTORរបស់ខ្លួន លោកបណ្ឌិតយ៉ង សាំងកុមារ ដែលធ្លាប់ជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានផងនោះ បានលើកឡើងពីបំណងក្រុមលោក ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សក្រៅសភាក្លាយជាអំណាចទី៤។
លោកយ៉ង សាំងកុមារ បញ្ជាក់នៅលើបណ្តាញសង្គម facebook ផ្ទាល់ខ្លួនរបស់លោកថា នៅពេលប្រទេសយើងមានរដ្ឋាភិបាល សភាជាតិ និងព្រឹទ្ធសភាគ្រប់គ្រងដោយបក្សតែមួយដូចអាណត្តិទី៦នេះ ពេលនោះមានតែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សក្រៅសភាទេ ដែលក្លាយជាអំណាចទី៤។ លោកបន្តថា តែបើយកប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សក្រៅសភាទៅនៅក្រោមរដ្ឋាភិបាលទៀត យកល្អគួរឈប់និយាយពីប្រជាធិបតេយ្យទៅ៕