រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖ វិស័យ​ព្រៃឈើ​កំពុង​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន​

01-09-2018 5:27 pm 1273
  ស្តាប់
(រូបភាពឯកសារ) ព្រៃឈើនៅក្នុងតំបន់សហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។ រូបថតពី NGO Forum ។
ស្តាប់ជាសំឡេង

​វិស័យ​ព្រៃឈើ​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ធំៗ​ជាច្រើន ដូចជា​ការថយចុះ​ទំហំ​ផ្ទៃ​ដី​ព្រៃឈើ ដែល​បណ្តាល​មក​ពី​កំណើន​តម្រូវការ​ដី​កសិកម្ម​ស្របទៅនឹង​កំណើន​ប្រជាជន ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍​កសិកម្ម​ខ្នាតតូច​និង​មធ្យម ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ការ​កំណត់​ព្រំ​រវាង​តំបន់​ព្រៃឈើ និង​ព្រៃ​ផ្តល់​ផល​នៅ​មិនទាន់​ច្បាស់លាស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ​នៅ​មាន​កម្រិត​និង​គម្លាត​ធំ​រវាង​ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​ឈើ ផលិតផល​ឈើ​និង​អនុផល​ព្រៃឈើ​ជា​ដើម ។

​នេះ​បើ​តាម​ការលើកឡើង​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ព្រៃ​ផ្តល់​ផល នា​សណ្ឋាគារ Raffles Hotel Le Royal ។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា នេះ​ជា​មូលហេតុ​ចម្បង​ដែល​យុទ្ធសាស្ត្រ​ផល​អនុផល​ព្រៃឈើ​ត្រូវបាន​បង្កើតឡើង​។​

​លោក វេង សាខុន បាន​លើកឡើង​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ បន្ត​ធ្វើ​សកម្មភាព កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​ព្រៃឈើ តាមរយៈ​ការចេញ​នូវ​គោលនយោបាយ និង​បទបញ្ជា​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​សំខាន់​រួមមាន ៖

​ទី​១. ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការត្រួតពិនិត្យ​លើ​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​ការថែរក្សា​ព្រៃ​បម្រុង​ទុក​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​និង​រក្សាបាន​នូវ​តំបន់ដីសើម​ដែល​ជា​ដែន​ជម្រក​មច្ឆជាតិ​។​

​ទី​២.​ការពារ​ធនធាន​ធម្មជាតិ​ជីវចម្រុះ ប្រភេទ​រុក្ខជាតិ និង​សត្វព្រៃ​ដែល​រកកល​ជិត​ផុត​ពូជ ។​

​និង​ទី​៣.​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ប្រកបដោយ​តម្លាភាព និរន្តរភាព​តាមរយៈ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ផ្ទាល់​សមស្រប​ទៅតាម​សក្តានុពល​នៅតាម​ភូមិសាស្ត្រ​នីមួយៗ​ជា​ពិសេស​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើត​ការងារ​បង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង​លើ​ផល​និង​អនុផល​ព្រៃឈើ​ការកាប់​ទន្ទ្រាន​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ ឈាន​ទៅ​ធ្វើ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​ចំណាកស្រុក ៕

 ពាក្យគន្លឹះ  ក្រសួងកសិកម្មព្រៃឈើ

ព័ត៌មានផ្សេងទៀត