មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​១៣​រូប​ត្រូវបាន​ផ្លាស់ប្តូរ​និង​ដាក់​ឱ្យ​ចូល​និវត្តន៍​

01-09-2018 2:55 pm 4354
  ស្តាប់
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ រូបថតពី ខ្លីខ្លី ។
ស្តាប់ជាសំឡេង

​ក្នុង​សារលិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​៣១ ខែ សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ស្នើ​សុំ​ព្រះមហាក្សត្រ ផ្លាស់ប្តូរ​តំណែង​មន្ត្រីនគរបាល​ជាន់ខ្ពស់ ចំនួន​៣​រូប ដែល​ក្នុងនោះ​រួមមាន នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ត្រូវបាន​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជំនួស នាយ​ឧត្តមសេនីយ៍ សុខ ផល ដែល​ត្រូវ​ដាក់​ឱ្យ​ចូល​និវត្តន៍ ។​

​នាយ​ឧត្តមសេនីយ៍ កង សុខន អគ្គស្នងការ​រង​នគរបាលជាតិ ត្រូវបាន​តែងតាំង​ទៅ​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជំនួស​នាយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​តារា ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍ ។​

​ចំណែកឯ​លោកនាយឧត្តមសេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយករង ត្រូវបាន​តែងតាំង​ទៅ​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហរិញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ ជំនួស​នាយ​ឧត្តមសេនីយ៍ ម៉ៅ ប៊ុន​ណារិន ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍ ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា ។​

​ជាមួយគ្នានេះ នាយ​នគរបាល ថ្នាក់​ឧត្តមសេនីយ៍​ចំនួន​១០​រូប នៃ​ក្រសួង​មហាផ្ទៃ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដាក់​ឱ្យ​ចូល​និវត្តន៍ ដែល​ក្នុងនោះ​រួមមាន នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​, នាយ​ឧត្តមសេនីយ៍ ម៉ៅ ប៊ុន​ណារិន​, នាយ​ឧត្តមសេនីយ៍ សុខ ផល​, នាយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​តារា​, នាយ​ឧត្តមសេនីយ៍ ថោង សំអាត​, នាយ​ឧត្តមសេនីយ៍ ផា​ង ពៅ​, នាយ​ឧត្តមសេនីយ៍ មួន សារ៉ន​, នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍​, នាយ​ឧត្តមសេនីយ៍ ឯម សំណាង និង​នាយ​ឧត្តមសេនីយ៍ លី គីម​ឡុង ។​

​ការដាក់​ឱ្យ​ចូល​និវត្តន៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​យោង​តាម​ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា និង​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍​ចំនួន​ទាំង​១០​រូបនេះ ៕

ព័ត៌មានផ្សេងទៀត