អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ​​អំពាវ​នាវ​​ដល់​​ធនា​គារ​​ឱ្យ​​បង្កើន​​កា​រ​ប្រុង​ប្រយ័ត្ន​​

01-09-2018 10:07 am 1381
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយពី​មាន​ករណី​ប្លន់​ធនាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពីពេល​ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឯកជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​រៀបចំ​ប្រព័ន្ធ​សន្ដិសុខ​សុវត្ថិភាព​របស់ខ្លួន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។ (​សេង បារាំង​)

​លោក​លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ​ដល់ គ្រប់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឯកជន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​រៀបចំ​ប្រព័ន្ធ​សន្ដិសុខ សុវត្ថិភាព​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។  ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៦ ដែលមាន​សិក្ខាកាម​មកពី​បណ្ដា​ក្រុមហ៊ុន​សន្ដិសុខ ប្រមាណ​២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះដែរ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​រូបនេះ បាន​សង្កត់ធ្ងន់ថា តួនាទី​សន្ដិសុខ​ឯកជន​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការបង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ រួមទាំង​បទល្មើស​គ្រឿងញៀន និង​ការពារ​សុវត្ថិភាព​ដែល​ខ្លួន​កំពុង​ឈរជើង ហើយ​ត្រូវតែមាន​សមត្ថភាព​ពេញលេញ ក្នុង​កិច្ចការ​បង្ការ ទប់ស្កាត់​បទល្មើស​។ ប៉ុន្ដែ​ភារកិច្ច​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាដាច់ខាត ដោយ​មិន​ត្រូវធ្វើ​លើស​នោះឡើយ​។​

​ជាមួយគ្នា​នោះ​លោក​លឹម សុខា​រស្មី ក៏បាន​ព្រមាន​ចំពោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ហើយ​នៅ​បន្ដធ្វើ​សកម្មភាព​ជ្រើសរើស ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់​ទៀត​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។ ដោយឡែក​សម្រាប់​សហគ្រាស​គ្រឹះស្ថាន ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត ត្រូវតែ​រុស​រាន់​ក្នុង​ការសុំច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី​-​ខេត្ត​សាមី ឲ្យបាន​ឆាប់​បំផុត​ជាពិសេស គឺ​ក្រសួងមហាផ្ទៃ​តែម្តង​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ មាន​ករណី​ប្លន់​ប្រដាប់អាវុធ នៅ​ធនាគារ RHB Indochina Bank (​អ អេច ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត