អាមេរិក​ផ្តល់​ចំណាត់​លេខ​២​ដល់​កម្ពុជា​លើ​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​

31-08-2018 6:14 pm 1436
  ស្តាប់
ស្តាប់ជាសំឡេង

​ការជួញដូរ​មនុស្ស គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា ដ៏​សោកសៅ​បំផុត ទាក់ទង​នឹង​សិទ្ធិមនុស្ស នាពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើឲ្យ​គ្រួសារ​ព្រាត់ប្រាស់ បំផ្លាញ​និតិរដ្ឋ និង​ជំរុញ​ដល់​សកម្មភាព​ល្មើស ជា​អន្តរជាតិ​ដទៃទៀត​។ មិនតែប៉ុណ្ណោះ ការជួញដូរ​មនុស្ស ក៏​បាន​បង្ក​ឲ្យមាន​ការគំរាម​កំ​ហែង​សុវត្ថិភាព​សាធារណៈ និង​សន្តិសុខ​ជាតិ ដែល​ទាមទារ​ឲ្យ​បង្ក្រាប ការពារ និង​លុបបំបាត់​។​

​យ៉ាងណាមិញ បើ​តាមរយៈ​ការវាយតម្លៃ​ប្រចាំឆ្នាំ អំពី​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​លើ​ពិភពលោក​នោះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ផ្ដល់​ចំណាត់ថ្នាក់​លេខ​២ ជូន​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​ពី​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅក្នុង​វេទិកា​អន្តរ​សាសនា​ថ្នាក់ជាតិ នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ សីហា​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការផ្តល់​ចំណាត់ថ្នាក់​នេះ គឺ​បាន​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់ និង​មាន​ឆន្ទៈ​យ៉ាង​ពិតប្រាកដ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាំងស្រុង លើ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​

​លោក​ស ខេង បានបញ្ជាក់​ថា សម្រាប់​ចំណាត់ថ្នាក់​លេខ​១ គឺជា​ប្រទេស​ដែល​គ្មាន​អំពើ​ជួញដូរ​មនុស្ស​, សម្រាប់​ចំណាត់ថ្នាក់​លេខ​២ គឺជា​ប្រទេស​ដែល​មាន​ការជួញដូ​រម​នុស្ស​តិចតួច ហើយ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប និង​សម្រាប់​ចំណាត់ថ្នាក់​លេខ​៣ គឺជា​ប្រទេស​ដែល​មាន​ការជួញដូ​រម​នុស្ស ហើយ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប​។​

​ជាមួយគ្នានេះ ក្រសួងការបរទេស​អា​មេរិក ក៏បាន​ផ្តល់​ជា​អនុសាសន៍ សម្រាប់​កម្ពុជា ក្នុង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស ដោយ​ត្រូវ​បង្កើន​ការខិតខំ ក្នុង​ការស៊ើបអង្កេត និង​នាំ​ខ្លួន​យក​មក​កាត់ទោស ដាក់ទោស និង​ដាក់​ទណ្ឌកម្ម ចំពោះ​ជនល្មើស ក្នុង​ការជួញដូរ​ផ្លូវភេទ និង​ជួញដូរ​ពលកម្ម រួមទាំង​មន្ត្រី​ឃុបឃិត​។ 

​បង្កើន​ការយល់ដឹង របស់​សាធារណជន លើ​បែបបទ​ដាក់​ពាក្យសុំ ឯកសារ​ធ្វើដំណើរ​សមស្រប ដើម្បី​សំរួល​ដល់​ការធ្វើ​ចំណាកស្រុក ដោយ​ស្របច្បាប់ និង​ប្រកបដោយ​សុវត្ថិភាព​,  ពង្រឹង​ការខិតខំ ក្នុង​ការត្រួតពិនិត្យ​ក្រុមហ៊ុន ជ្រើសរើស​កម្លាំង​ពលកម្ម​ឯកជន និង​សាខា​របស់​គេ ដើម្បី​រក​មើល​ការជ្រើសរើស ដែល​មាន​លក្ខណៈ​បន្លំ ឬ​ការជួញដូរ​ដទៃទៀត​, បង្កើន​ការខិតខំ នៅក្នុង​ការអនុវត្ត​គោលនយោបាយ ធ្វើអោយ​ដំណើរការ​របស់​តុលាការ​យកចិត្តទុកដាក់​លើ​សេចក្តីត្រូវការ និង​ផលប្រយោជន៍​របស់​ជន​រងគ្រោះ ដូចជា​តាមរយៈ​ការផ្តល់​ការការពារ​សាក្សី និង​បង្កើន​ការ​ចំណាយធនធាន លើ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​សំរួល​ដល់​ការតាមដាន​ចុងចោទ ដែល​ត្រូវបាន​ដោះលែង ក្រោម​ការ​តាម​មើល​របស់​តុលាការ​រហូតដល់​មាន សវនាការ និង​បង្កើន​យុទ្ធនាការ លើក​កំពស់​ការយល់ដឹង​របស់​សាធារណៈ ដើម្បី​កាត់បន្ថយ​តំរូវការ​របស់​មនុស្ស​នៅក្នុង​ស្រុក ទៅលើ​ការទិញ​ដូរ​ផ្លូវភេទ និង​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ​។​

​សូមបញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ការផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​បែបផែន និង​គ្រប់​រូបភាព​នៃ​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដែល​អាច​នឹង​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត