លោក​ហ៊ុន សែនបំពាក់​គ្រឿង​ឥស្សរិយយសដល់​មន្ត្រី​ចិន​មួយរូបដែល​រួមចំណែក​ជួយ​កម្ពុជា​

30-08-2018 4:03 pm 1165
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សុង ថាវ​(SONG TAO)​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ជា​មន្ត្រីជាន់ខ្ពស់​ចិន​ដំបូង​គេ ដែល​ត្រូវបាន​លោក​ហ៊ុន សែន បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន បន្ទាប់ពី​លោក​ហ៊ុន សែន​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​។ គ្រឿង​ឥស្សរិយយស​នេះ បញ្ជាក់​ពី​ការចូលរួមចំណែក​រប​ស់លោក​សុង ថាវ​ក្នុង​ការជួយ​កម្ពុជា​។ 

ក្រៅតែពី​បំពាក់​គ្រឿង​ឥស្សរិយយស លោក​ហ៊ុន សែន​បាន​ចំណាយពេល រៀបរាប់​ប្រាប់​លោក​សុង ថាវ អំពី កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ ២០១៣​មក​។ ជា​កំណែទម្រង់ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មានទំនុក​ចិត្តលើកា​រ​ដឹកនាំ​របស់លោក តាមរយៈ​ការបោះឆ្នោត​គាំទ្រ​លោក​ឲ្យទទួល​ជ័យជម្នះ ដោយ​ទទួលបាន​អសនៈទាំង​អស់​នៅក្នុង​រដ្ឋសភា​។ 

​ចំណែក​លោក​សុង ថាវ បន្ទាប់ពី​ពាំនាំ​សារ​អបអរសាទរ របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ជូន​ចំពោះ​លោក​ហ៊ុន សែន ដែល​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ហើយ​នោះ លោក​ក៏បាន​ថ្លែង​ក្នុងនាម​រដ្ឋាភិបាល​ចិន ដោយ​បង្ហាញ​ការគាំទ្រ​ចំពោះ​លោក​ហ៊ុន សែន​ផងដែរ​។ គាំទ្រ​លោក​ហ៊ុន សែន​ដែល​បាន​ដឹកនាំ​កម្ពុជា ឆ្ពោះទៅកាន់​ការអភិវឌ្ឍ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រមទាំង​រក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

​យ៉ាងណាក៏ដោយ គោលបំណង​សំខាន់​ ដែល​លោក​សុង ថាវ​ធ្វើដំណើរ​មក​កម្ពុជា និង​ជួប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី៣០ខែសីហានេះ មិនមែន​គ្រាន់តែ​ដើម្បី​នាំសារ​របស់​ប្រធានាធិបតី​ចិន​តែ​ប៉ុណ្ណេះ​ទេ តែ​ក៏​ដើម្បី ជំរុញ​ដល់​ការអនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បាន​ចុះហត្ថលេខា​រួចហើយ រវាង​លោក​ហ៊ុន សែន​និង​លោក​ស៊ី ជីន​ពីង​កាលពី​អាណត្តិ​មុន ឲ្យ​អនុវត្ត​សម្រេចបាន​ជា​លទ្ធផល នៅក្នុង​ការដឹកនាំ​រប​ស់លោក​ហ៊ុន សែន​នា​អាណត្តិ​ថ្មី​នេះ​ផងដែរ​។ 

​ក្នុងនាម​ចិន​ជា​មិត្ត​ចាស់​របស់​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​រូបនេះ បាន​គូសបញ្ជាក់ ចំពោះមុខ​លោក​ហ៊ុន សែន​ថា ភាគី​ចិន​នឹង​នៅតែ​បន្ត​ជួយ​លើ​អ្វី ដែលជា​សេចក្តីត្រូវការ​របស់​កម្ពុជា ខណៈ​មាន​កិច្ចសន្យា​នឹង​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត ដែល​ត្រូវបាន​ចុះហត្ថលេខា រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក្នុង​ការជួយ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ជាង​នេះ​៕

 

 ពាក្យគន្លឹះ  លោកហ៊ុនសែនលោកSONGTAO

ព័ត៌មានផ្សេងទៀត